ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ពេលវេលាដ៏មានអត្ថន័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតទាំងក្នុងកិច្ចការដឹកនាំប្រទេសជាតិ គណបក្ស និងក្រុមគ្រួសារ។ ការណ៍នេះ សម្តេចតេជោបានលះបង់ស្ទើជីវិតដើម្បីនាំមកនូវសុខសន្តិភាពជូនប្រជាជនកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ដែលបានផ្ញើសារជូនសម្តេចតេជោ សូមសរសេរឱ្យខ្លី និងចំៗចំណុច ព្រោះសម្តេចគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អាន និងមើលសារដ៏វែងអន្លាយទាំងនោះទេ។
ទន្ទឹងនឹងនោះ សម្តេចតេជោក៏បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ បើមិនចាំបាច់ទេ សូមកុំផ្ញើសារជូនសម្តេចនាពេលព្រឹក ជាពិសេសសារអាក្រក់ៗ។ ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពេលប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣៕