សម្តេចតេជោ ហ៊ុន សែន​ ស្នើឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស​ទាំងអស់មកលេងស្រុក​កុំឱ្យមានការភ័យខ្លាចអី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរ ដែលទៅរស់នៅក្រៅប្រទេស សូមអញ្ជើញត្រឡប់មកលេងស្រុក កុំឱ្យមានការអ្វីខ្លាចអី។ សម្តេចតេជោ និយាយបែបនេះ ទំនងចង់សំដៅលើក្រុមប្រឆាំង ដែលកន្លងមកនាំគ្នារត់ទៅក្រៅប្រទេស ដោយខ្លាចមានការចាប់ខ្លួនពីអាជ្ញាធរនាពេលកន្លងមក សូមត្រឡប់មកស្រុកវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ទោះធ្លាប់ជេរប្រមាថ រិះគន់ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល និងសម្តេចក៏ដោយ សូមអញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួន ដោយមិនមានការចាប់ចង ឬធ្វើទុក្ខម្នេញ ដូចការបំផុសព័ត៌មានបំពុលរបស់ក្រុមអគតិមួយចំនួនឡើយ។

ដោយសម្តេច បានលើកឡើងបន្ថែមថា៖«សូមឱ្យបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេសទាំងសង់ មិនមែនគ្រាន់តែរស់នៅតែអាមេរិកនោះទេ គឺប្រទេសទាំងអស់ ព្រោះឆ្នាំនេះគឺទស្សនាកម្ពុជា ហើយខ្ញុំក៏សូមមកឱ្យលេងអង្គកការសង្រ្គាន្តទាំងអស់គ្នា ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ»។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣៕ អត្ថបទ៖ ពិសី