សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តផ្តល់រថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយឥតគិតថ្លៃទៅតាមបណ្តាខេត្ត-ក្រុង និងគោលដៅនានា ។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើង ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុប១,៧២៨នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យពេលកន្លងមក នៅព្រឹកថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងការរៀបចំរថយន្តក្រុងដឹកអ្នកដំណើរនេះ ជាពិសេសគឺដឹកបងប្អូនប្រជាពលរដ្ឋទៅលេងតាមបណ្ដាខេត្តសំខាន់ៗក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចជាទៅលេងខេត្តសៀមរាប ជាដើម ដែលត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅទីនោះ។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បញ្ជាក់ទៅកាន់សម្តេចតេជោដែរថា ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយក្នុងនោះ ផ្លូវជាតិលេខ៥ ទៅកាន់ខេត្តបន្ទាយមានជ័យ និងផ្លូវជាតិលេខ៦ ទៅកាន់ខេត្តសៀមរាប នឹងចំនួនរថយន្តក្រុងច្រើនជាងគេ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះរាជធានីភ្នំពេញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង សរុប ១៣ ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុបចំនួន ២៣៥ គ្រឿង។ មុនវិបត្តិកូវីដ-១៩ អ្នកធ្វើដំណើរតាម រថយន្ត ក្រុង មានចំនួនប្រមាណជា ៣ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលបានជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន កាត់បន្ថយភាពកកស្ទះចរាចរក្នុងទីក្រុង។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយរថយន្តក្រុងប្រភេទថ្មីចំនួន២០០ គ្រឿងរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុបផងដែរ៕

