លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួបពិភាក្សាការងារជាមួយលោក Daisuke Mizusawa មន្រ្តីជំនាញការជាន់ខ្ពស់ផ្នែកដឹកជញ្ជូន នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនោះ លោក Daisuke Mizusawa បានបង្ហាញពីគោលបំណងនៃការសិក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ដើម្បីដោះស្រាយបញ្ហាការកក ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ដោយការសិក្សានេះធ្វើឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានជំនួយបច្ចេកទេសរបស់ជប៉ុន គ្រប់គ្រងដោយ ADB និងកម្មវិធីភាពជាដៃគូ MobiliseYourCity របស់ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។
លោកថា តាមការសិក្សាបានបង្ហាញនូវលទ្ធភាពនៃជម្រើសមួយចំនួន សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងតម្រូវការវិនិយោគលើគម្រោងប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងផងដែរ។ បញ្ហានេះក្រុមបេសកកម្មរបស់ ADB ក៏បានស្នើសុំមតិណែនាំជាយុទ្ធសាស្រ្ត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការសិក្សា អាចឆ្លើយតបចំគោលដៅ និងដោះស្រាយបានចំៗ។
ក្នុងជំនួបដដែលនោះ លោក វង្សី វិស្សុត បានស្វាគមន៍ចំពោះជំនួយបច្ចេកទេសដ៏មានសារៈសំខាន់នេះ នៅក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកំណើនខាងផ្នែកនគរូបនីយកម្ម ក៏មានល្បឿនលឿន ពិសេសក្នុងរាជធានីភ្នំពេញ និងទីក្រុងនៅតាមបណ្តាខេត្តមួយចំនួន ខណៈដែលបញ្ហាការកកស្ទះចរាចរណ៍ និងប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូន បានកំពុងក្លាយជាបញ្ហាប្រឈមពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាមលោក វង្សី វិស្សុត ចំពោះការរៀបចំយុទ្ធសាស្រ្តនេះ ត្រូវតែផ្អែកលើផែនការនគរូបនីយកម្ម ផែនការមេអភិវឌ្ឍន៍ទីក្រុង ផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធ តភ្ជាប់ទីក្រុងទៅប៉ូលសេដ្ឋកិច្ច និងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងទីក្រុង ព្រមទាំងផែនការអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងទីក្រុង។ ក្រៅពីនេះការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈ នៅទីក្រុងក៏ត្រូវគិតគូរថែមទៀត ទៅដល់មធ្យោបាយដឹកជញ្ជូនផ្សេងៗដូចជា រថភ្លើងលើអាកាស រថភ្លើងក្រោមដី និងរថភ្លើង ធម្មតាជាដើម។
ដោយឡែកចំពោះការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ត្រូវមានការគិតគូរដល់របៀងដឹកជញ្ជូន និងតម្រាយផ្លូវ និងកក្តាការចូលរួមគាំទ្រក្នុងការប្រើប្រាស់របស់ប្រជាជន។ ក្រៅពីនេះគឺត្រូវសិក្សាបន្ថែមថា តើរថយន្តក្រុង ទាំងនោះ ជាប្រភេទរថយន្តដែលប្រើប្រាស់ថាមពលប្រេង ឬក៏អគ្គិសនី ដើម្បីគ្មានការបំភាយឧស្ម័នការបូនិចប៉ះពាល់ដល់បរិស្ថាន៕