ជាទស្សនផ្ទាល់ខ្លួន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិទ្យាសាស្ត្រ និងសាសនា ត្រូវដើរទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជួយអភិវឌ្ឍសង្គមមួយ ឱ្យមានការរីកចម្រើនលូតលាស់ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់។ ការបញ្ចេញទស្សនផ្ទាល់ខ្លួនរបស់ឯកឧត្តម បណ្ឌិត បែបនេះ បានធ្វើឡើងនៅក្នុងឳកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធសមិទ្ធផលនានា ក្នុងវត្តក្នុងវត្តអមរា ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានពន្យល់ថា ខណៈដែលវិទ្យាសាស្ត្រអាចជួយដោះស្រាយ និងបង្កើនកម្រិតជីវភាពប្រចាំថ្ងៃ ព្រមទាំងជាប្រភពដ៏សំខាន់នៃចំណេះដឹងថ្មីៗ គឺសាសនាអាចជួយបង្កើននូវគុណធម៌ និងសីលធម៌ ដែលជាជំនាញផ្នែកទន់ដ៏ចម្បង ក្នុងការលើកកម្ពស់គុណតម្លៃរបស់បុគ្គលម្នាក់ៗ ក៏ដូចជាសង្គមជាតិទាំងមូល។ ក្នុងន័យនេះ ការបញ្ចូលចំណេះដឹងផ្នែកសាសនាបន្ថែមលើចំណេះដឹងទូទៅនៅក្នុងវិស័យអប់រំ គឺជាកត្តាអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាប្រកបដោយសក្តានុពលខ្ពស់ ដែលមូលដ្ឋាននៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីស្នាដៃដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបម្រើប្រជាជនកម្ពុជាអស់រយៈកាលជាង ៤០ឆ្នាំ ប្រកបដោយការធ្វើបុណ្យទាំងកាយ និងចិត្ត ហើយក្នុងដំណាក់កាលថ្មីៗនេះសម្តេចបានធ្វើបុណ្យដ៏ធំមួយ គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីមាត់ជ្រោះ មរណៈនៃជំងឺកូវីដ-១៩ តាមរយៈការគិតគូរខ្វល់ខ្វាយ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ដោយបានធ្វើការដឹកនាំបញ្ជាផ្ទាល់ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ រហូតទទួលបានជោគជ័យនៅក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ-១៩ នេះ ហើយប្រទេសជាតិក៏ត្រូវបានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យដោយសុខសុវត្ថិភាព រហូតមកដល់បច្ចុប្បន្ន៕