ស្របពេលរោងចក្រជាង៧០រោងចក្រសម្រេចព្យួរការងារ ហើយធ្វើឱ្យប៉ះពាល់ដល់កម្មក-កម្មការិនីជាង៣ម៉ឺននាក់ហើយចំនួននេះវានឹងបន្តកើនឡើងបន្ថែមទៀតទាំងរោងចក្រផ្លូវការ និងមិនផ្លូវការក្នុងពេលខាងមុខនេះ ដោយសារភាពមិនច្បាស់លាស់មួយចំនួនធ្វើឱ្យអ្នកបញ្ជាទិញទំនិញពីកម្ពុជាមានការប្រយ័ត្នប្រយ៉ែងខ្ពស់។
លោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា មានប្រសាសន៍ថា «តាមដឹងរោងចក្របានព្យួរការងារមានរហូតដល់ជាង៧០ររោងចក្រហើយមានមនុស្សជាង៣ម៉ឺននាក់ប៉ះពាល់ទៅលើការព្យួរការងារនេះ។ ចំពោះចំនួនរោងចក្រព្យួរការងារដែលយើងបានដឹងតាមរយៈសារព័ត៌មាននដកស្រង់ពីក្រសួងការងារនេះវាគ្រាន់តែជាក្រុមហ៊ុនផ្លូវការ តែនៅក្រុមហ៊ុនមិនផ្លូវការមានការបើកបិទៗ បើនិយាយទៅវាប៉ះពាល់លើសចំនួនជាង៧០រោងចក្រទៅទៀត»។
លោកបន្តថា ចំនួនរោងចក្រដែលព្យួរការងារជាង៧០រោងចក្រនេះវាជាចំនួនមិនច្រើននោះទេ។ ប៉ុន្តែអ្វីដែលជាបញ្ហាគឺរោងចក្របិទ ហើយកន្លងមកក្រុមហ៊ុនឬរោងចក្រទាំងនោះមិនបានធ្វើតាមនីតិវិធីទេគឺមានក្រុមហ៊ុនខ្លះចង់ផ្ទេរក្រុមហ៊ុនមួយពីកន្លែងទៅកន្លែងមួយក៏បិទក្រុមហ៊ុនទៅហើយក្រុមហ៊ុនខ្លះទៀតគាត់ស្អប់ខាងសហជីពក៏បិទក្រុមហ៊ុនដោយមានក្រុមទុចចរិតសហការជាមួយថៅកែរួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត គេឃុបឃិតគ្នាធ្វើរឿងហ្នឹង។ កន្លងទៅកម្មករពិបាកពេក អត់ការងារធ្វើយូរពេកក៏បិទក្រុមហ៊ុន អីចឹងអ្នកចំណេញគឺខាងក្រុមហ៊ុននិងឃុបឃិត។
លោកលើកឡើងថា តាមផ្លូវច្បាប់កាលណាក្រុមហ៊ុនឬរោងចក្រណាមួយបិទ ត្រូវទៅជម្រេះបញ្ជីជាមួយតុលាការហើយត្រូវសងសំណងទៅកម្មករមុនគេ ហើយថៅកែរូបនោះមិនអាចធ្វើជាថៅកែនៅក្នុងវិស័យកាត់ដេរបានរយៈពេល៥ឆ្នំា អីចឹងរឿងល្មមៗគាត់មិនហ៊ានបិទរោចក្រខ្លួនទេ។ប៉ុន្តែបច្ចុប្បន្នបញ្ហាល្មមៗបិទរោងចក្រចោលគាត់អត់ខ្វល់ អីចឹងត្រូវពង្រឹងការងារនេះឡើងវិញ។
លោក អាត ធន់ បង្ហាញការប៉ាន់ប្រមាណថា«នៅពេលខាងមុខនេះចំនួនរោងចក្រព្យួរការងារដល់កម្មករនឹងកើនឡើងលើសជាង៧០រោងចក្របន្ថែមទំាងរោងចក្រផ្លូវការនិងមិនផ្លូវការ ដោយសារហេតុថាGSPយើងមិនប្រាកដថាយើងនូវរក្សាបាន,EBAយើងមិនប្រាកដថាយើងតបាន ហើយចំពេលហ្នឹងវៀតណាមគេមានកិច្ចព្រមព្រៀងជាមួយEUធ្វើឱ្យគេមានឱកាសដឹកទំនិញទៅអឺរ៉ុបដោយមិនអស់ពន្ធ។លើសពីនេះសង្គ្រាមនៅអ៊ុយក្រែននិងនៅកម្ពុជាជិតដល់ពេលត្រូវបោះឆ្នោត។ដូចនេះជាទូទៅសម្រាប់អ្នកបញ្ជាទិញទំនិញពីកម្ពុជាគេមានការប្រយ័ត្នប្រយ៉ែង»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃទី៦មីនានេះថា ខ្ញុំបានទទួលរបាយការណ៍អំពីសហជីពមួយដែលបានស្គាល់លេខ WhatsApp របស់ខ្ញុំបានបញ្ជូនសារទៅខ្ញុំសំណូមពរថាឥឡូវនេះចំនួនរោងចក្រដែលព្យួរគឺមានការកើនឡើង ដែលកម្មករកម្មការិនីសំណូមពរជួយអន្តរាគមន៍។
សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំបានបញ្ជូនបញ្ហានេះទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការពិភាក្សាគ្នាដើម្បីឆ្លើយតបទៅលើបញ្ហានេះ។ វាមិនច្រើនដូចសម័យកាលកូវីដ១៩ទេ អីចឹងសម្រាប់កម្មករដែលព្យួរការងារយើងត្រូវពិភាក្សាជាមួយនិងម្ចាស់រោងចក្រដោយយើងធ្វើដូចកាលសម័យកូវីដ១៩ រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់៤០ដុល្លារអាមេរិកនិងម្ចាស់រោងចក្រ៣០ដុល្លារអាមេរិក ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសា។ អីចឹងត្រូវរុះរាន់ជាមួយម្ចាស់រោងចក្រដែលត្រូវព្យួរការងារ ដើម្បីដាក់ចេញនៅការអន្តរាគមន៍»។
លោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជាលើកឡើងថា ជាការពិតកម្មករដែលបានព្យួរការងារបានលុយ៤០ដុល្លារអាមេរិកពីរាជរដ្ឋាភិបាលនិងបានលុយ៣០ដុល្លារអាមេរកពីខាងក្រុមហ៊ុន មានន័យថាគាត់មានលទ្ធភាពបន្ថែមទៀត។ប៉ុន្តែអ្វីដែលជាបញ្ហាគឺកម្មករដែលគេបញ្ឈប់គាត់អត់បានអី ហើយអ្វីដែលយើងចង់បាននោះគឺលុយពីក្រុមហ៊ុននិងរដ្ឋផ្តល់ឱ្យនិងមួយទៀតខាង ប.ស.ស.គួរតែបន្តផ្តល់នូវមូលនិធិ ប.ស.ស.ឱ្យគាត់ដែរទើបវាសំខាន់។
បើតាមលោកអាតធន់ ទាក់ទងនិង ប.ស.ស.នេះកាលណាកម្មករឈប់ធ្វើការគេលែងផ្តល់ជូនកម្មករហើយបើគាត់ព្យួរការងារ បើក្រុមហ៊ុននៅតែបន្តបង់ នោះគេនៅតែផ្តល់ឱ្យ។ ប៉ុន្តែកន្លងមកក្រុមហ៊ុនអត់បានបង់ប្រាក់គេក៏ផ្តាច់ប.ស.ស.បើកម្មករចូលព្យាបាលនៅកន្លែងការណាមួយអត់បានទេ ហើយកន្លងមកដើម្បីបាននៅអត្ថប្រយោជន៍ រដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុនប្រើប្រាស់ប័ណ្ណប.ស.ស.ជាមួយកម្មករដោយមិនចំាបាច់បង់លុយ។ដូច្នេះលោកចង់ស្នើរបន្ថែមទៀត៕ អត្ថបទ៖សារេត