សម្តេចតេជោ ហ៊ុន សែន ណែនាំអ្នកចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរ ត្រូវយកចិត្តទុកដាក់ទទួលយកការណែនាំពីក្រសួងវប្បធម៌

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ណែនាំឲ្យលោកស្រី ទ្រី ដាណា ត្រូវយកចិត្តទុកដាក់ទទួលយកការណែនាំ និងកែតម្រូវតាមការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការណែនាំរបស់ប្រមុខដឹកនាំនាពេលនេះ បន្ទាប់ពីលោកស្រី ទ្រី ដាណា ចោទប្រកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថាបានបង្កភាពលំបាកឲ្យក្រុមការងារលោកស្រីរៀបចំកម្មវិធីផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ នៅប្រាសាទអង្គរវត្ត នាថ្ងៃសង្គ្រាន្តពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយផ្ទុះការវែកញែកជុំវិញរឿងរ៉ាវនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៨ ខែមីនានេះ តាមរយៈសារជាសំឡេងបានឱ្យដឹងថា «ចាប់តាំងពីថ្ងៃទី៧ ខែមីនា រហូតមកដល់ថ្ងៃទី៨ ខែមីនា សម្តេចបានយកចិត្តទុកដាក់ចំពោះការមិនយល់គ្នា ពាក់ព័ន្ធនឹងគោលបំណងរបស់លោកស្រី ទ្រី ដាណា ដែលមានគោលបំណងចូលរួមក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ជាមួយនឹងគោលបំណង និងសំណូមពររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»។

​ទន្ទឹមនឹងនេះដែរ​ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដោយសារតែបងប្អូនប្រជាពលរដ្ឋ ពិសេសលោកស្រី ទ្រី ដាណា ដែលមានបំណងចង់បង្ហាញនូវវប្បធម៌របស់ខ្មែរ ជូនចំពោះពលរដ្ឋកម្ពុជា។ ប៉ុន្តែសម្តេចតេជោ ក៏សូមបង្ហាញនូវកង្វល់ដែលរួមជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាក់ទងនឹងការបង្ហាញ។ ការបង្ហាញវប្បធម៌ខ្មែរទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និងសម្រាប់ក្មេងជំនាន់ក្រោយតជំនាន់គឺ ជារឿងល្អ ប៉ុន្តែប្រសិនបើការបង្ហាញមិនបានគិតទៅតាមលក្ខណៈរបស់ដូនតាគឺ ស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញ។ ដូច្នេះ ខ្ញុំសូមស្នើឲ្យយកចិត្តទុកដាក់ ជាពិសេសទៅលើបញ្ហាទម្រង់ដែលត្រូវតែអនុវត្តឲ្យខាងតែបាន តាមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «ក្រសួងវប្បធម៌គឺ ជាសេនាធិការការពារវប្បធម៌ដូនតារបស់យើង បើក្រសួងបណ្ដែតបណ្ដោយឲ្យទាំងខុសពីរូបភាពដើមនោះ ក្រសួងនឹងទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងចំពោះរដ្ឋសភា។ ដូច្នេះ លោកស្រី ទ្រី ដាណា ត្រូវយកចិត្តទុកដាក់ទទួលយកការណែនាំ និងកែតម្រូវតាមការកំណត់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»៕