លោក ថោង ខុន រំពឹងថា ភ្ញៀវទេសចរយ៉ាងតិច១លាននាក់ នឹងទៅកម្សាន្តពិធីបុណ្យទ​ន្លេនៅខេត្តកំពង់ធំ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ត្រឹមរយៈពេល២ថ្ងៃអំឡុងពេលចាប់ផ្ដើមពិធីបុណ្យទន្លេ គឺចាប់ពីថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣ មានភ្ញៀវទេសចររហូតជាង ៤០ម៉ឺននាក់ បានទៅកម្សាន្ត ខណៈរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទ​ន្លេនៅខេត្តកំពង់ធំនេះ​នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)» ប៉ុន្តែប្រជាជនបានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានថ្លែងថា «ចំនួន​ប្រជាពលដ្ឋចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ៣៨៥,០០០នាក់ សរុប៤០៣,៥០០នាក់»។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្អស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។

ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត៣គម និង៥គម កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ៥៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។ យ៉ាងណា លោករដ្ឋមន្ត្រីធ្លាប់បង្ហាញការរំពឹងទុកថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទ​ន្លេនៅខេត្តកំពង់ធំនេះ​នឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច១លាននាក់៕ អត្ថបទ៖ ពិសី