លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះថា គម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិក នឹងត្រូវបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤ ។

លោក បានបន្តថា ផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺ ២៥០លានដុល្លារអាមេរិក ដោយបែងចែកទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ផ្លូវ៥០សេនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ៕
