ការនាំចូលសាច់បង្កកកំពុងក្លាយជាចម្ងល់ដែលពិបាកក្នុងការស្វែងរកចម្លើយមកអះអាងបញ្ជាក់ពីគុណភាពសាច់

សង្គម​ និង​សេដ្ឋកិច្ច

ស្ថិតក្នុងកាលៈទេសៈវិស័យចិញ្ចឹមសត្វនៅកម្ពុជារងផលប៉ះពាល់ពីការនាំចូលសាច់បង្កកពីខាងក្រៅប្រទេសគេសង្កេតឃើញថាវត្តមានសាច់បង្កកនេះកំពុងក្លាយជាប្រធានបទចង់ដឹងរបស់អ្នកចិញ្ចឹមសត្វម្ពុជា។ ពិសេសកសិករដែលប្រកបមុខរបរចិញ្ចឹមជ្រូកមានចម្ងល់ថាតើសាច់បង្កកនាំចូលនេះមានគុណភាពកម្រិតណាប្រៀបធៀបជាមួយនិងសាច់ដែលផលិតនៅក្នុងស្រុក?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អាន ឬទ្ធី កសិករចិញ្ចឹមជ្រូកមួយកន្លែងនៅខាងខេត្តសៀមរាប បានចោទជាសំនួរថា អ្នកដែលនាំចូលសាច់បង្កកមកកម្ពុជា វាមានគុណភាពបានប៉ុន្មាន ជាពិសេសខ្ញុំចង់សួរទៅខាងក្រសួងមានសមត្ថកិច្ចថាតើយើងបានពិនិត្យទៅលើគុណភាពសាច់បង្កកបានកម្រិតប៉ុន្មានដែរ?

លោកលើកឡើងថា បើយើងពង្រឹងនិងលើកកម្ពស់ទៅដល់កសិករនៅក្នុងស្រុក ឱ្យគាត់ចិញ្ចឹមហើយយើងលក់នៅក្នុងស្រុក ខ្ញុំគិតថាវាប្រហែលជាវាបានល្អប្រសើរជាង ដែលយើងនាំចូលពីក្រៅ ហើយមកជាន់ពន្លិចតម្លៃនៅក្នុងស្រុក។

លោកសង្កត់ធ្ងន់ថា«ក្នុងន័យនេះខ្ញុំចង់បានន័យថា ឱ្យតែសាច់បង្កកនោះនាំចូលមកតំាងពីព្រទេសប្រេស៊ីល ឥណ្ឌាក៏ដូចជានាំចូលមកពីបណ្តាប្រទេសផ្សេងទៀត បើសិនសាច់បង្កកទំាងនោះវាមានគុណភាពពិតប្រាកដ ខ្ញុំជឿថាមិនអាចលក់នៅក្នុងតម្លៃក្រោមទីផ្សារហើយមកប្រកួតប្រជែងជាមួយផលិតផលនៅក្នុងស្រុកបាននោះទេ»។

ទាក់ទងនិងសាច់បង្កកឬសាច់កកនេះដែរ បើយោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញថា អ្នកបរិភោគក្នុងស្រុកគួស្វែងយល់ខ្លះៗអំពីសាច់កក និងគុណវិបត្តិរបស់វា សាច់កកជ្រូកមាន់ ទា អាចនាំចូលពីប្រទេសប្រេស៊ីល និងសាច់គោ និងក្របីមកពីប្រទេសឥណ្ឌាត្រូវបានដឹកតាមកប៉ាល់តាមប្រទេសវៀតណាម។ គុណវិបត្តិរបស់សាច់កក ពេលវាទន់ហើយមិនអាចយកទៅបង្កកឡើងវិញទេដោយវាបាត់គុណភាព សម្រាប់សាច់កកអាចរក្សាទុកបានប្រហែល១ ឆ្នាំ និង៦ខែ ដោយគេដាក់សាធាតុមួយចំនួនដើម្បីរក្សាគុណភាព និងពណ៌របស់សាច់ នៅពេលសាច់កកជិតផុតថ្ងៃកំណត់ត្រូវបានគេលក់ធូៗថ្លៃមកប្រទេសក្រីក្រ។

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាគូសបញ្ជាក់ថា«ស្ថានភាពសាច់កកលើទីផ្សារប្រទេសកម្ពុជា បច្ចុប្បន្ននេះមានការនាំចូលខុសច្បាប់ច្រើនតាមប្រទេសវៀតណាមហើយបានចែកចាយលើទីផ្សារគ្រប់រូបភាព អ្នកលក់សាច់ និងអ្នកចែកចាយសាច់បានយកសាច់មកបន្ទន់ រួចដាក់លាយជាមួយសាច់ក្នុងស្រុកដើម្បីបន្លំភែ្នកអ្នកទិញពេលនោះអ្នកទិញមិនដឹងថាសាច់នោះជាសាច់កកទេ ពេលមកដល់ផ្ទះពួកគាត់ចាប់ផ្តើមលាងទឹក នឹងដាក់ចូលទូកកឡើងវិញ ពេលនោះសាច់ខូចគុណភាពភាគច្រើន ប៉ុន្តែអ្នកទទួលទានមិនសូវបានដឹងរឿងនេះទេ។ តាមពិតប្រជាជនយើងមិនចូលចិត្តសាច់កកទេ ប៉ុន្តែមិនមានព័ត៌មានគ្រប់គ្រាន់ សព្វថ្ងៃអ្នករស់នៅទីក្រុងភ្នំពេញទទួលទានសាច់កកច្រើនជាងគេ ប្រសិនបើបងប្អូនប្រើសាច់កក គួរកុំយកវាទៅកកឡើងវិញ»។

បើតាមលោក អាន ឬទ្ធី កសិករចិញ្ចឹមជ្រូកនៅខេត្តសៀមរាបថា«ទីផ្សាររបស់ប្រទេសប្រេស៊ីលគេលក់ទៅទីផ្សារមួយណា?ខ្ញុំមិនជឿថាស្តង់ដារបស់អឺរ៉ុបវាថោកជាងស្តង់ដានៅស្រុកខ្មែរយើងនោះទេ អីចឹងស្តង់ដានៅអឺរ៉ុប ខ្ញុំក៏ធ្លាប់ធ្វើដំណើរទៅប្រទេសមួយចំនួននៅលើពិភពលោករួមទាំងនៅអឺរ៉ុប អីចឹងខ្ញុំអាចនិយាយបានថាស្តង់ដារស់នៅរបស់ប្រជាពលរដ្ឋគេគឺខ្ពស់ជាងស្តង់ដារបស់ខ្មែរយើង។ដូចនេះបើសិនជាសាច់បង្កកវាមានគុណភាពអាចទទួលទានបានខ្ញុំគិតថាគេមិននាំចូលមកស្រុកខ្មែរទេ បើទោះបីប្រទេសខ្មែរយើងកំពុងមានការអភិវឌ្ឍយ៉ាងណាក៏ដោយ»។

លោកបញ្ជាក់ថា«ខ្ញុំធ្លាប់បានឃើញដោយផ្ទាល់ភ្នែក នៅសាច់បង្កកនាំចូលមកពីប្រទេសប្រេស៊ីលគឺផលិតតាំងពីថ្ងៃទី១១ខែ៩ឆ្នំា២០២១ ហើយបើគិតមកដល់ម៉ោងនេះក្នុងឆ្នាំ២០២៣ វាមានរយៈពេលជិត២ឆ្នាំ។ តើគុណភាពសាច់អ្វីដែលអាចរក្សាទុកបានជិត២ឆ្នំាបែបហ្នឹង វាមិនអាចទេ ទាល់តែវាប្រើសមាសធាតុគីមីណាមួយដើម្បីរក្សាគុណភាពសាច់ឱ្យវានៅរូបរាងជាសាច់ ប៉ុន្តែគុណភាពសាច់ដែលយើងយកមកទទួលទាន យើងមិនដឹងគុណភាពថាវាជាគុណភាពសាច់ឬវាលែងជាសាច់។នេះជាចម្ងល់ដែលយើងត្រូវចោទសួរ»។

លោកបន្តថា ខ្ញុំមិនដឹងថាខាងណាទេដែលអនុញ្ញាតឱ្យមានការនាំចូលសាច់បង្កកប៉ុន្តែយើងត្រូវចោទសួរថាយើងអនុញ្ញាតឱ្យមានការនាំចូលសាច់បង្កកពីខាងក្រៅ តើយើងមានប្រព័ន្ធគ្រប់គ្រងគុណភាពហើយឬនៅ ហើយបើសិនយើងមិនទាន់មានប្រព័ន្ធគ្រប់គ្រងគុណភាពសាច់បង្កកនោះទេ ខ្ញុំគិតថាយើងមិនគួរគម្បីឱ្យមានការនាំចូលមកកម្ពុជាទេ៕ អត្ថបទ៖សារេត