ទំហំពាណិជ្ជកម្មកម្ពុជា- អូស្រ្តាលីកើនឡើងពីចំនួន ២០៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ រហូតដល់ ៥២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២កន្លងទៅ។ នេះបើតាមការឱ្យដឹងពីលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជាដែលទើបចូលកាន់ដំណែងថ្មី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្រ្តាលី កាន់តែល្អនិងរលូតដោយបានកសាងសមិទ្ធផលជាច្រើនក្នុងប្រទេសកម្ពុជា។
លោកថា កម្មវិធីភាពជាដៃគូកម្ពុជា -អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ តាមរយៈជំនួយឥតចំណងមាន ៨៧លានដុល្លារអូស្ត្រាលី ប្រមាណ ៦៥លានដុល្លារសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះទំហំពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា តាមរយៈគម្រោងហិរញ្ញប្បទានរបស់អូស្រ្តាលី មកដល់ពេលបច្ចុប្បន្ននេះ មានជាច្រើនសម្រាប់កម្ពុជាដូចជា កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី ( CAVAC) , កម្មវិធីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ , កម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ , កម្មវិធីភាពជាដៃគូរមេគង្គ – អូស្ត្រាលី (MAP) , និងកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ( CAP RED)។
ក្នុងជំនួបដដែលនោះ សម្រាប់ឯកអគ្គរាជទូតថ្មីរបស់អូស្រ្តាលី លោក Justin Kevin Whyatt បានសម្ដែងនៅការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន និងបន្តប្ដេជ្ញាចិត្ត ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឃនៅកម្ពុជា អត្ថបទ៖ សុកធា