គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ២ ដែលបើប្រាស់ដើមទុនប្រមាណ ១០,២លានដល្លារ និងអាចបង្កើតការងារបានប្រមាណជាង ២ពាន់កន្លែង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី១០ មីនានេះ ក្រុមហ៊ុនទាំងពីរដែលបានសម្រេចផ្តល់ការចុះបញ្ជីវិនិយោគនោះរួមមាន៖ ១/ DUN TAI GARMENT (CAMBODIA) CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្រួល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣២៦កន្លែង។ ២/ PRECLO (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៣៩កន្លែង។
សូមជម្រាបជូនថា ក្នុងខែមករា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន១០គម្រោងប៉ុណ្ណោះ ដែលមានទឹកប្រាក់សរុបប្រមាណជិត១០០លានដុល្លារអាមេរិក ខណៈកាលពីខែមុននេះ គម្រោងវិនិយោគថ្មីៗហាក់មានចំនួនច្រើន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងចំណោមគម្រោងទាំង១០ដែលបានអនុម័តក្នុងខែ មករាគឺមានតែមួយគម្រោងប៉ុណ្ណោះដែលមានទឹកប្រាក់ច្រើន តែត្រឹមតែជាង៣៦លានដុល្លារអាមេរិក គឺគម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ ក្រុមហ៊ុន AROMA SUCCESS GARMENT CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រៅពីនេះមានសុទ្ធតែជាគម្រោងមានទឹកប្រាក់វិនិយោគក្រោម១០លានដុល្លារអាមេរិកនិងជាគម្រោងវិនិយោគលើរោងចក្រឧស្សាហកម្មកាត់ដេរ ដែលអាចបង្កើតការងារបានរាប់ម៉ឺនកន្លែងបន្ថែមទៀតដល់ប្រជាពលរដ្ឋកម្ពុជា។
តាមការព្យាករពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យឧស្សាហកម្ម កម្មន្តសាល នៅតែបន្តកើនឡើងជាវិជ្ជមានក្នុងឆ្នាំ ២០២៣នេះ ដោយសារតែបណ្ដាប្រទេសបញ្ជាទិញធំៗ នៅលើពិភពលោកបានបង្វែរការបញ្ជាទិញរបស់ខ្លួនមកកាន់កម្ពុជាស្របនឹងប្រទេសជាដៃគូប្រកួតប្រជែងដូចជាមីយ៉ាន់ម៉ា កំពុងមានបញ្ហាផ្ទៃក្នុង៕