ឯកឧត្ដម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ចាប់តាំងពីមានការពង្រឹងការត្រួតពិនិត្យលក្ខណៈ បច្ចេកទេស ឬឆៀកនេះមក គឺមានការកើនឡើងរថយន្ដចូលមកធ្វើការឆៀក ១គុណនឹង៤ដងនៅកន្លែងឆៀករថយន្ដ ដោយកាលពីពេលមុនមានរថយន្ដចូលឆៀកក្នុង១ថ្ងៃប្រមាណ៨០០គ្រឿងតែប៉ុណ្ណោះ។ តែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានការរឹតបន្ដឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមដឹងផ្លូវគឺមានរថយន្ដចូលមកឆៀកក្នុង១ថ្ងៃ កើនឡើងរហូតដល់៤,០០០គ្រឿង។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការអនុវត្ត ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ឈួន វ៉ន់ បានកត់សម្គាល់ឃើញថា ចំពោះរថយន្ដដែលហួសសុពលភាពឆៀកនេះ គឺមានរថយន្ដខ្លះមានការហួសសុពលភាពយូរឆ្នាំ និងរថយន្ដខ្លះទៀតអត់ដែលយកមកឆៀកតែម្ដង ដែលធ្វើចរាចរណ៍បើកបរលើដងផ្លូវ។
ឯកឧត្ដមបានបន្ដថា ដោយសារតែបញ្ហានេះហើយ ទើបក្រសួងសាធារណការ និងដឹកជញ្ជូនបានពិភាក្សាគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ប្រសិនបើមិនមានការពិន័យលើរថយន្ដដែលហួសសុពលភាពនោះទេ ពេលដែលអនុវត្ដន៍ច្បាប់នៅលើដងផ្លូវនឹងត្រូវប្រឈមមុខនឹងបញ្ហាហួសសុពលភាពឆៀកនេះទៀតហើយ។ ឯកឧត្ដមបានបន្ថែមថា បញ្ហារថយន្ដដែលមិនទាន់បានមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀកនេះ ក្រសួងសាធារណការទុកពេលវេលាជូនបងប្អូនប្រជាពលរដ្ឋរហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ហើយបើហួសរយៈពេលកំណត់នេះ នឹងត្រូវពិន័យក្នុង១ថ្ងៃ២,០០០រៀល៕