រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា រយៈពេល៥ឆ្នាំ ពោលគឺគិតចាប់ពីឆ្នាំ២០១៨ -២០២២ ខេត្តពោធិ៍សាត់ បានផ្តល់លិខិតអនុញ្ញាតិសាងសង់ចំនួន២២០គម្រោង ក្នុងតម្លៃជិត៣៣លានដុល្លារអាមេរិក។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់” កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា មកដល់ពេលនេះខេត្តពោធិ៍សាត់ បានផ្តល់លិខិតអនុញ្ញាតសាងសង់សរុបចំនួន ២២០គម្រោង សរុបទុនវិនិយោគសរុបជិត ៣៣ លានដុល្លារអាមេរិក (៣២.៥០៩.៨៧៦ ដុល្លារ)។
ជាមួយគ្នានេះ ពាក់ព័ន្ធការងាររៀបចំដនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីវិញ រយពេល៥ឆ្នាំមកនេះ លោកថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានបញ្ចូលទិន្នន័យក្បាល ចំនួន ១០៧.៨២៨ ក្បាលដី កំពុងបិទផ្សាយជាសាធារណៈចំនួន ៨២,១៦៨ក្បាលដី និងបានចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៥៨.៣១០ប័ណ្ណ ក្នុងនោះដីរដ្ឋដែលបានចុះបញ្ជីរួចមានចំនួន ១៤៤ក្បាលដី។ ជារួម គិតមកទល់ពេលនេះក្នុង ក្របខណ្ឌទូទាំងខេត្តបានផ្ដល់ប័ណ្ណជូនប្រជាពលរដ្ឋចំនួន ២០៦.៦២០ក្បាលដី។ ចំណែកឯការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ(បំពេញបន្ថែម)បានចំនួន ៨៤៨ប័ណ្ណ៕