រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា ចាប់ផ្តើមដឹកនាំកិច្ចប្រជុំពិភាក្សាលើប៉ូលសេដ្ឋកិច្ចថ្មីភាគពាយ័ព្យ ដើម្បីជួយសម្រួលដល់ដល់ទីផ្សារក្នុងការការនាំចេញនិងនាំចូលផលិតផលរវាងកម្ពុជានិងចិន។
កិច្ចប្រជុំប្រមូលធាតុចូលនៅថ្ងៃទី១០មីនាឆ្នំា២០២៣នេះ ដើម្បីប៉ូលសេដ្ឋកិច្ចថ្មីប្រសូត្រឡើងតាមការគ្រោងទុក និងអាចជួយសម្រួលដល់ដល់ទីផ្សារ ក្នុងការការនាំចេញនិងនាំចូលផលិតផលរវាងកម្ពុជានិងចិន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាគោល ដោយគោរពទៅតាមអនាម័យនិងភូតគាមអនាម័យ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។
ក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានណែនាំដល់អនុវិស័យនីមួយៗ ត្រូវពិនិត្យលើសក្តានុពល ប្រភពអត្តសញ្ញាណផលិតផល (GI) ព្រមទាំងបែបបទពាណិជ្ជកម្មនៃប្រទេសសមាជិក WTO ដោយសហការវិនិយោគជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារនៅតាមអនុវិស័យនីមួយៗ ត្រូវរៀបចំគម្រោងសំណើនៃប៉ូលសេដ្ឋកិច្ចទី៤ ទាំងរយៈពេលខ្លី មធ្យម និងវែង ដោយភ្ជាប់ជាមួយច្រករបៀង «មច្ឆា និងអង្ករ» សម្រាប់ដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច ដោយត្រូវគិតពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងហោចណាស់ឱ្យបានរយៈពេល១ទសវត្សរ៍។
ពាក់ព័ន្ធនិងការនាំចេញនិងនាំចូលឬការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ បានបង្ហាញរបាយកាណ៍រយៈពេល២ខែនៃការធ្វើពាណិជ្ជកម្មអន្តរជាតិជាមួយនិងបណ្តាប្រទេសជាដៃនៅលើពិភពលោកក្នុងនោះគេសង្កេតឃើញថា ការនាំចេញនិងចូលទំនិញរវាងកម្ពុជានិងចិនមានទំហំទឹកប្រាក់ប្រមាណ១.៧០៥លានដុល្លារអាមេរិក ពោលគឺមានការធ្លាក់ចុះប្រមាណ១៥%បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២កន្លងទៅ។
បើតាមរបាយការណ៍ដដែលគូសបញ្ជាក់ថា «ក្នុងរយៈពេល២ខែដំបូងនៃឆ្នំា២០២៣នេះកម្ពុជានាំចេញទំនិញទៅប្រទេសចិនមានទឹកប្រាក់ជាង១៩៨លានដុល្លារអាមេរិកធ្លាក់ចុះ៥% ខណៈការនាំចូលមានទឹកប្រាក់ជាង១.៥០៧លានដុល្លារអាមេរិក ពោលធ្លាក់ចុះ១៦%បើប្រៀបធៀបនិងពេលដូចគ្នាឆ្នំា២០២២»៕
អត្ថបទ៖សារេត