គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកា ដើម្បីសាងសង់ប្រមាណ២៤០លានដុល្លារអាមេរិក។ នេះបើតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ ជូនក្រសួងសារធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ក្នុងបំណងដើម្បីស្វែងយល់បទបង្ហាញស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញជាច្រើនរូបផងដែរ។
តំណាងក្រុមហ៊ុនសំណង់សៀងហៃ បានឱ្យដឹងថា គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាពផងដែរ៕ អត្ថបទ៖ ពិសី