តើលោកស្រី ជា សិរី ទើបតែងតាំងថ្មីឋានៈស្មើរដ្ឋមន្រ្តីជានរណា?

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេចស្នើសុំប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ តែងតាំងនិងផ្តល់ឋានៈជូនលោកស្រី ជា សិរី ជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលមានឋានៈស្មើ រដ្ឋមន្ត្រី នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៣៦៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើលោកស្រី ជា សិរី ជានរណា?

លោកស្រី ជា សិរី ជាយុវនារីបន្តវេនមួយរូបស្ថិតក្នុងចំណោមអ្នកបន្តវេនជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា។ លោកស្រីជាកូនស្រីបង្កើតរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃបក្សប្រជាជនកម្ពុជា។ មុនការតែងតាំងជាអគ្គទេសាទភិបាលរង លោកស្រី ជា សិរី កំពុងកាន់តំណែងជាឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។

-ការសិក្សា

មានវ័យ ៤២ឆ្នាំ លោកស្រី ជា សិរី បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច (PhD) នៅសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី កាលឆ្នាំ២០២១។ នៅអំឡុងឆ្នាំ២០១០ លោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយ លី ក្វាន់យូ។

មុនចូលដល់ការសិក្សាកម្រិតមហាវិទ្យាល័យ លោកស្រីជាអតីតសាលាបឋមសិក្សា បាក់ទូក ហើយនៅឆ្នាំ១៩៨៩ កាលណោះទើបតែអាយុ៨ឆ្នាំ លោកស្រីត្រូវបានក្រុមគ្រួសារបញ្ជូនទៅរៀនកម្រិតអនុវិទ្យាល័យនៅប្រទេសបារាំង និងផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី។ ឆ្នាំ១៩៩៩ លោកស្រីបានបន្តសិក្សានៅសាកលវិទ្យាល័យ Victoria រដ្ឋ Wellington ប្រទេសញូហ្សេឡែន ហើយនៅឆ្នាំ២០០២ លោកស្រីទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅទីនោះ។

លើសពីនេះ លោកស្រី ជា សិរី ក៏ទទួលបានវិញ្ញាបនបត្រផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Harvard Kennedy នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៧ផងដែរ។

-ការងារ និងអាជីព

អំឡុងពេលកំពុងសិក្សានៅប្រទេសញូហ្សេឡែន ក្នុងឆ្នាំ១៩៩៩ លោកស្រី ជា សិរី បានចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។ ធ្វើការនៅទីនោះបាន៤ឆ្នាំ គឺនៅឆ្នាំ២០០២ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ លោកស្រីបានកាន់ការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិ ក្រោយមកលោកស្រីទទួលបានតំណែងជាអគ្គនាយករងបច្ចេកទេស បន្ទាប់មកឡើងកាន់ដំណែងអគ្គនាយកបច្ចេកទេស និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជារហូតមកដល់ពេលបច្ចុប្បន្នមុនទទួលការតែងតាំងជាអគ្គទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ជា សិរី ត្រូវបានគេចាត់ទុកថាជាបញ្ញវន្តស្ត្រីខ្មែរវ័យក្មេងមួយរូបដែលមានចំណេះដឹងជំនាញជ្រៅជ្រះផ្នែកធនាគារ និងហិរញ្ញវត្ថុ ខណៈដែលកំពុងបំពេញភារកិច្ចលោកស្រីបានចូលរួមកំណែទំរង់ជាច្រើនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា រួមមាន៖ សមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី (២០១៦-២០១៨), សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ (២០១៧-២០២១), សមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី (២០១៨-២០២១) ស្ថាបនិកមូលនិធិរស្មីកុមារ, ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា, សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង  និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech ជាដើម។

អង្គការ UNDP បានចាត់ទុកលោកស្រី ជា សិរី ជាបុគ្គលឆ្នើមម្នាក់ក្នុងការលើកកម្ពស់សិទ្ធិអំណាចស្ត្រីផ្នែកសេដ្ឋកិច្ច ហើយលោកស្រីក៏ជាអ្នកណែនាំឲ្យប្រើប្រាស់កម្មវិធីទូទាត់ចំណាយ និងផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយសុវត្ថិភាព និងរហ័ស ឬហៅថា blockchain ក្នុងវិស័យធនាគារនៅកម្ពុជាដើម្បីបង្កើនបរិយាប័ន្តហិរញ្ញវត្ថុសម្រាប់ស្ត្រី។

លោកស្រីមានប្រសាសន៍ថា «យើងមិនគួរបង្កើតអ្វីថ្មី ដើម្បីគ្រាន់តែបានបង្កើតថ្មីនោះទេ។ ការច្នៃប្រឌិតនានាត្រូវតែផ្តល់តម្លៃបន្ថែមដល់សង្គមផងដែរ។ ខ្ញុំគិតថា ខ្ញុំត្រូវមានការជឿជាក់លើខ្លួនឯងខ្លាំងថាគំនិតច្នៃប្រឌិតដែលខ្ញុំមានអាចផ្តល់តម្លៃបន្ថែមដល់សង្គម ទើបខ្ញុំអាចជំរុញក្រុមការងារឱ្យមានជំនឿលើចក្ខុវិស័យរួម និងសហការគ្នាដើម្បីសម្រេចបាននូវគោលដៅរួមនេះ»៕