នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន បានចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារចិន។
លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈរវាងកម្ពុជា និងចិននាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករ។ លោកថា ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិននេះ គឺជាលទ្ធផលផ្លែផ្កាមួយក្នុងការចរចា ដើម្បីអភិវឌ្ឍន៍ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស ហើយក៏ជាប្រយោជន៍រួមរបស់ប្រជាកសិករកម្ពុជាផងដែរ។
បើតាមលោក ជួ មករា តាមរយៈទំនាក់ទំនង និងកិច្ចចរចាជាមួយក្រុមហ៊ុនកន្លងមក ភាគីចិន និងកម្ពុជា មានឆន្ទៈរួមគ្នាដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត និងធ្វើយ៉ាងណាសម្រេចបាននូវការនាំចេញកសិផលពីប្រទេសកម្ពុជាត្រង់ទៅប្រទេស ចិនតែម្តង ព្រមទាំងធ្វើឱ្យមានស្ថេរភាព រក្សាបានផលចំណេញចំពោះភាគីទាំងសងខាង និងជាពិសេស ធានាបានស្ថេរភាពទីផ្សារកសិផលសម្រាប់កសិករ។
សូមជម្រាបជូនថា ប្រទេសចិន គឺជាគោលដៅនាំចេញដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ទំនិញកសិកម្មរបស់កម្ពុជា ដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខណៈដែលទីផ្សារចិនមានទំហំទឹកប្រាក់ ៨០៥ លានដុល្លារអាមេរិក ឬ ៦.០% នៃការនាំចេញទំនិញសរុប កម្ពុជាសម្រេចបាន ៤០% (២៨១ លានដុល្លារ) នៃការនាំចេញផលិតផលកសិកម្មសរុបរបស់ខ្លួន (៧១៥ លានដុល្លារ) ក្នុងអំឡុងពេល៨ ខែដំបូងនៃឆ្នាំ២០២២។
សម្រាប់ទីផ្សារប្រទេសចិន ចេក អង្ករ និងដំឡូងមី គឺជាមុខទំនិញនាំចេញកសិផលធំជាងគេចំនួនបី ដែលមានចំនួន៩៩% (១៤០លានដុល្លារ) ៣៧.៨% (៩៤ លានដុល្លារ) និង៧៥% (២១ លានដុល្លារ) រៀងគ្នា។ ដោយឡែកការនាំចេញកៅស៊ូទៅប្រទេសចិននៅមានចំនួនតិចតួចប្រមាណ ១៣ លានដុល្លារ ឬ ៦,២% នៃការនាំចេញកៅស៊ូសរុប៕