ត្រឹមតែរយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១-១៤ ខែឧសភា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស នគរបាលចរាចរណ៍ បានផាកពិន័យយានយន្តចំនួន ២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងទៀតថា រយៈពេល១៤ថ្ងៃនេះ សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ៩៣លើក ស្លាប់៤៨នាក់ និងរបួស១២២នាក់។ សម្រាប់ថ្ងៃទី១៤ ខែឧសភា យានយន្តដែលល្មើសត្រូវបានត្រួតពិនិត្យ និងផាកពិន័យ មាន១០១២គ្រឿង ក្នុងនោះម៉ូតូមាន ៦៦៩គ្រឿង និងរថយន្ត ៤៤៣គ្រឿង ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺរាជរដ្ឋាភិបាលធ្វើឡើងដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋប៉ុណ្ណោះ មិនមែនធ្វើឡើងដើម្បីសង្កត់ករ ឬធ្វើបាបជីវភាពរបស់ប្រជាពលរដ្ឋនោះឡើយ៕