លោក យឹម លាង ដែលគេស្គាល់ថាជាកូនប្រសារលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្រេចដំឡើងឋានៈជាទីប្រឹក្សា និងជានាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើ ទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤២៥។

លោក យឹម លាង ជាកូនប្រុសច្បងលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ភរិយារបស់លោកគឺលោកស្រី ជា សុផាម៉ាដែន ហើយក៏ជាបងថ្លៃលោក ហ៊ុន ម៉ានី អ្នកដំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ។

លោក យឹម លាង បច្ចុប្បន្នជាឧត្តមសេនីយ៍ឯក ដែលកំពុងកាន់តំណែងអគ្គស្នងការរងនគរបាលជាតិ និងជានាយរងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ កាលពីឆ្នាំ២០១១ លោកបានទទួលតំណែងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចេញផ្ទេរក្របខណ្ឌរបស់លោក យឹម លាង ពីកងយោធពលខេមរភូមិន្ទឲ្យទៅបម្រើការងារក្នុងក្របខណ្ឌនគរបាលជាតិកម្ពុជា ក្នុងតួនាទីជាអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកដឹកនាំការពារ។ មុនផ្ទេរក្របខណ្ឌមកក្នុងនគរបាលជាតិនេះ លោក មានតួនាទីជានាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ក្រៅពីនោះ លោក យឹម លាង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចតែងតាំងជាអនុប្រធានខុទ្ទកាល័យ នៃគណៈកម្មការកណ្ដាល៕