សម្តេចតេជោ ហ៊ុន សែន ចង់ប្រែក្លាយតំបន់ស្ទឹងពោធិ៍សាត់១ ជាតំបន់ទេសចរណ៍ដ៏មានសក្កានុពលនាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលអនាគត សម្រាប់ពោធិ៍សាត់ នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយប្រកប ដោយសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដកាន់តែច្រើនថែមទៀត ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាថា នឹងខំពង្រីកសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅទូទាំងខេត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលថ្ងៃទី១៤ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ តាមរយៈការសាងសង់រម្មណីយដ្ឋាន និងកន្លែងស្នាក់នៅ រីស្សត ជាដើម ដែលការអភិវឌ្ឍនេះ គឺជាផ្លែផ្កានៃសន្ដិភាពរបស់កម្ពុជា។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យផ្តោតលើការជំរុញការកសាងនូវហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដូចជា៖ ផ្លូវថ្នល់ ឱ្យមានលក្ខណៈងាយស្រួល ដើម្បីទាក់ទាញកំណើនទេសចរណ៍មកកាន់តំបន់នេះផងដែរ។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល៥ឆ្នាំនេះ មានភ្ញៀវទេសចរបានទស្សនាខេត្តនេះ សរុបចំនួន ៣,៩១០.១៤៩នាក់ ស្រី ២.០៣៣.២៧៤ នាក់ ក្នុងនោះ៖ ភ្ញៀវមកពីប្រទេស បារាំង ឈរលំដាប់លេខ១ និងភ្ញៀវទេសចរឈរលំដាប់បន្ទាប់រួមមាន៖ ចិន អូស្ត្រាលី អ៊ីតាលី ជប៉ុន និង អង់គ្លេសឈរលំដាប់បន្តបន្ទាប់។ 

ដោយឡែក បើយើងក្រឡេកទៅមើល នៅតំបន់ស្ទឹងពោធិ៍សាត់១វិញ បច្ចុប្បន្នកំពុងដំណើរការសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១  ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ​ពោធិ៍សាត់ ដោយគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខនេះ។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គិសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ៕ អត្ថបទ៖ ពិសី