ថ្លែងពីខេត្តពោធិ៍សាត់ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង នាព្រឹកថ្ងៃទី១៤ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជានឹងមានប៉ូលសេដ្ឋកិច្ចទី៤ដែលមាន៤ខេត្ត គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន»។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា «គម្រោងប៉ូលសេដ្ឋកិច្ចទី៤នេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្តោតលើគម្រោងមច្ឆា និងអង្ករ ដោយសារខេត្តទាំង៤នេះសម្បូរទៅដោយស្រូវ និងត្រី»។
បើតាមសម្តេចតេជោ ខេត្តទាំង៤នេះ ក៏ត្រូវបង្កើនផលិតផលផ្សេងៗទៀតផងដែរដើម្បីចូលរួមជាមួយទីផ្សារតំបន់ និងពិភពលោក។
នៅក្នុងវេទិកាជំរុញពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍កម្ពុជា-ចិន កាលថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំឲ្យវិនិយោគិនចិនចាប់យកឱកាសបណ្តាក់ទុននៅភូមិភាគពាយព្យប្រទេសកម្ពុជាដែលនឹងត្រូវកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសដែលគ្របដណ្តប់ លើខេត្តចំនួន៤នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖«ការបង្កើតឡើងច្រករបៀងហៅថា «មច្ឆានិងអង្ករ»ឬហៅសាមញ្ញថា«ត្រីនិងអង្ករ»នៅទិសភាគពាយ័ព្យនៃប្រទេសកម្ពុជា។ សម្តេចចាប់អារម្មណ៍ខ្លាំងណាស់ហើយក្នុងជំនួបជាមួយលោក ស៊ី ជីនពីង ថាសម្តេចមានបំណងដាក់ខេត្តភាគពាយ័ព្យប្រទេសទៅជាតំបន់ ប៉ូសេដ្ឋកិច្ចទី៤។ ការណ៍នេះក៏ព្រោះថា តំបន់នេះជាតំបន់ដែលមានសក្ដានុពលទាំងស្រូវទាំងត្រី ហើយតំបន់នេះក៏មានការវិនិយោគយ៉ាងច្រើនរបស់មិត្តចិនដែលក្នុងនោះមានមានខេត្តចំនួន ៤ ដែលត្រូវបានគ្របដណ្ដប់ជាប៉ូល សេដ្ឋកិច្ចទី៤។
ក្នុងជំនួបជាមួយប្រធានាធិបតីចិននោះ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ប្រាប់លោក ស៊ី ជីនពីងថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ច៣រួចមកហើយគឺរាជធានីភ្នំពេញគឺជាប៉ូលសេដ្ឋកិច្ចទីមួយ,ប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា ជាគឺខេត្តព្រះសីហនុនិងប៉ូលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាបហើយប៉ូលសេដ្ឋកិច្ចទី៤គ្របដណ្ដប់លើខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមាន ជ័យនិងខេត្តប៉ៃលិន។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់នេះនឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្ដានុពល ដែលសម្តេចសង្ឃឹមថាអ្នកវិនិយោគទាំង កម្ពុជាក្តីទាំងមិត្តចិនក្តីអាចចាប់យកឱកាសតំបន់នោះទៅជាតំបន់កែច្នៃឬជាតំបន់វិនិយោគផ្សេងៗទៀតដែលអាចទៅរួច។
គួររម្លឹកបន្ថែមទៀតថា នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីចិន កាលថ្ងៃទី ១០ ខែកុម្ភៈកន្លងទៅ មេដឹកនាំនៃប្រទេសទាំងពីក៏បានឯកភាពគ្នាសិក្សាបង្កើត(ច្រករបៀងមច្ឆានិងអង្ករ)អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីទំនើប,ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើបស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម,ចម្ការត្រូពិកនិងវិស័យសក្តានុពលផ្សេងទៀត។
បើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនបានកើនឡើងគួរឲ្យកត់សម្គាល់គឺកើនលឿនជាងទំហំគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាលប្រទេសទាំងងពីរ ខណៈនៅឆ្នាំ២០២២កន្លងទៅ តួលេខនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានរហូតទៅដល់ ១៤,៥០០លានដុល្លារអាមេរិកដែលមានកំណើនរហូតដល់១៩ភាគរយ៕