បើយោងតាមប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា តម្រូវការជ្រូករស់នៅពេលកន្លងមកឬនៅពេលមានបុណ្យទានធំៗម្តងម្កាលមានចន្លោះពី៨ពាន់ទៅ៩ពាន់ឬកើនឡើងដល់១ម៉ឺនក្បាល។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះបានធ្លាក់ចុះនៅត្រឹម៦ពាន់ក្បាលក្នុងមួយថ្ងៃ ស្របពេលវិស័យមួយនេះកំពុងជួបបញ្ហាប្រឈមហើយពិបាកក្នុងការដោះស្រាយដើម្បីឱ្យអ្នកចិញ្ចឹមទទួលបាននៅប្រយោជន៍ពីមុខរបរខ្លួន។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នឃើញថាមានបញ្ហាប្រឈមខ្លំាងសម្រាប់អ្នកចិញ្ចឹមសត្វរបស់យើង ហើយយើងបានធ្វើការច្រើនជាមួយក្រសួងពាក់ព័ន្ធ ពិសេសជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ យើងបានស្នើរសុំឱ្យមានដំណោះស្រាយនៅពេលពិភពលោកជួបនិងវិបត្តិអតិផរណានៃទំនិញឡើងថ្លៃស្ទើគ្រប់ទីកន្លែង។សម្រាប់កម្ពុជាយើងក៏ប្រឈមដូចគ្នាដែរ ឥលូវនេះតម្លៃសាច់ក៏បានធ្លាក់មកទាប រហូតធ្វើឱ្យអ្នកចិញ្ចឹមសត្វគ្រប់ប្រភេទនៅក្នុងប្រទេសជួបបញ្ហាដោយប្រឈមនិងការខាតបង់ធ្ងន់ធ្ងរ ជាពិសេសអ្នកចិញ្ចឹមសត្វជ្រូក។
លោក លីឡាវីល មានប្រសាសន៍ថា បច្ចុប្បន្នបើតាមការសិក្សាស្រាវជ្រាវនៅតាមកុងស៊ីផ្សេងៗ(សត្តឃាតដ្ឋាន)ឃើញថាការកាប់សត្វរស់ឬជ្រូករស់បានថយចុះប្រមាណ៣០% ហើយទៅមុខទៀតបើសិនសាច់បង្កកនៅតែមានទ្រង់ទ្រាយធំដូចនាពេលបច្ចុប្បន្នមានន័យថាវានឹងបន្ថយតម្លៃជ្រូរស់ធ្លាក់ចុះបន្តថែមទៀត។ទន្ទឹមនិងនេះម្ចាស់ក្រុមហ៊ុនធំៗដែលជាសមាជិកសមាគមយើងឃើញថា បានផ្អាកការលក់ជ្រូករស់របស់ខ្លួន ដោយទន្ទឹងរងចំាចំណាត់ការតែមកដល់ឥលូវនេះមិនទាន់ឃើញចំណាត់ការអ្វីល្អនោះទេ អីចឹងហើយយើងគិតថាវាប្រឈមធ្លាក់ថ្លៃបន្តទៅទៀត។
លោកគូសបញ្ជាក់ថា «បើយើងមើលទៅលើសភាពបច្ចុប្បន្នតម្លៃជ្រូករស់នៅលើទីផ្សារមានចន្លោះពី៧ពាន់ទៅ៨ពាន់រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃនេះវាអាចធ្លាក់ចុះមកនៅត្រឹម៦ពាន់រៀលនារយៈពេល២ទៅ៣ខែខាងមុខនេះបើសភាពដូចនាពេលសព្វថ្ងៃនេះ។សម្រាប់តម្រូវការជ្រូករស់នៅទូទំាងប្រទេសនៅពេលបច្ចុប្បន្នគឺមានចន្លោះពី៨ពាន់ទៅ៩ពាន់ឬកើនឡើងដល់១ម៉ឺនក្បាលក្បាលក្នុងមួយថ្ងៃនៅពេលមានពិធីបុណ្យទាន។ប៉ុន្តែសព្វថ្ងៃនេះយើងអាចលក់បានត្រឹមតែ៦ពាន់ក្បាលក្នុងមួយថ្ងៃ ដោយឡែកនៅសល់ប្រមាណ២ពាន់ក្បាលដែលលក់មិនចេញគឺសាច់បង្កកដណ្តើមយកចំណែកទីផ្សារទៅហើយ»។
បើយោងតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមថា ការបំពេញតម្រូវការនៅក្នុងស្រុកឱ្យតម្លៃសមរម្យនេះសមាគមគំាំទ្រទៅនិងគោលនយោបាយដើម្បីជួយកាត់បន្ថយការចំណាយរបស់ប្រជាជនទូទំាងប្រទេសឱ្យបានទទួលទាននៅសាច់សត្វដែលមានតម្លៃសមរម្យស្ថិតក្នុងវិបត្តិបាត់បង់ការងារដ៏ច្រើន ។ដូចនេះការដែលធ្វើឱ្យតម្លៃផលិតផលមានដើមកំណើតពីសាច់សត្វនេះទៀតវាជារឿងមួយល្អ។
លោកលីឡាវីលបន្តថាខាងសមាគមយើងគ្រាន់តែស្នើរសុំថាសូមឱ្យសម្លឹងមើលអ្នកចិញ្ចឹមដែលជាផ្នែមួយនៃសន្តិសុខស្បៀងមួយរបស់ប្រទេស បើគ្មានអ្នកចិញ្ចឹមក៏គ្មានសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ត្រីសាច់គ្រប់ប្រភេទដែរ។ដូចនេះត្រូវធ្វើយ៉ាងណាខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសុំតែម៉ារស់ទេស្ថិតក្នុងអន្តរកាលដ៏លំបាកនេះ ធ្វើម៉េចឱ្យយើងរស់បានផងកុំឱ្យវាខាតបង់ខ្លំាងពេក ព្រោះរយៈពេល៦ទៅ៧ខែកន្លងផុតទៅហើយកសិករជាច្រើនបានរអ៊ូរទំាមកខាងសមាគមឱ្យជួយរកដំណោះស្រាយ ហើយយើងក៏បានធ្វើដោយឃើញថាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានទទួលសំណើរនិងបានប្រជុំទប់ស្កាត់សាច់បង្កកនាំចូលមកកម្ពុជា។យើងឃើញសាច់បង្កកមានច្រើននៅលើទីផ្សារលើសលុបពេកធ្វើ ដែលធ្វើឱ្យអ្នកចិញ្ចឹមសត្វរស់លក់បានតិចបំផុតហើយលក់ក្រោមថ្លៃដើមផលិតប្រឈមខាតបង់ធ្ងន់ធ្ងរ។
លោកសង្កត់ធ្ងន់ថា «បច្ចុប្បន្ននេះអ្នកចិញ្ចឹមជ្រូកក្នុងស្រុកពិសេសក្រុមហ៊ុនធំលក់បានតែ៦០ទៅ៧០%នៃផលិតផលដែលខ្លួនបានផលិត ហើយ៤០%ផ្សេងទៀតលក់អត់ចេញទេ ដោយសារតែទីផ្សារអត់មានតម្រូវការ ព្រោះសាច់បង្កកបានដណ្តើមយកចំណែកទីផ្សារនេះបាត់ទៅហើយ ជាហេតុធ្វើឱ្យយើងមិនអាចលក់ផលិតផលបាន»៕ អត្ថបទ៖សារេត