ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បានថ្លែងថា នៅកម្ពុជាមានប្រភេទ ដំណាំឆ្លងកាត់ និងដំណាំយុទ្ធសា្រស្រ្ដ ដូច្នេះនៅកម្ពុជាសម្ដេចចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី» តែម្ដង ខណៈបច្ចុប្បន្ននេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលរងការប៉ះពាល់ និងពិនិត្យការដ្ឋានសាងសង់គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល ចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ខ្លាំងក្លាមួយ ព្រោះថា បច្ចុប្បន្នកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីស្រស់១លានតោន ដែលមិនទាន់កែច្នៃ។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទៅមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេសដែលចែកចាយ នូវគ្រាប់ស្វាយចន្ទី ដែលសឹងនឹងក្លាយ ទៅជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង នៃការចែកចាយ ព្រោះមួយឆ្នាំកម្ពុជា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំឯណោះ។ហេតុនេះ ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី»នាពេលខាងមុខ»។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលខាងមុខនេះ រាជរដ្ឋាភិបាលកំពុងតែទាក់ទាញនូវអ្នកវិនិយោគ ដែលចូលមកកាន់ប្រទេស នូវគោលនយោបាយឧស្សាហកម្ម ហើយសម្ដេចតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេស ឱ្យផ្ដោតការយកចិត្តទុកដាក់ សម្រាប់មកវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ដែថា បើតាមរបាយការណ៍ របស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តជាតិមានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១,០៧៧លានដុល្លារ ថយចុះ ៣៤.៦៥ភាគរយ។ ការថយចុះនេះ ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុ។
របាយការណ៍ដដែលបញ្ជាក់ថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ១០០ភាគរយ បាននាំចេញទៅកាន់ប្រទេសវៀតណាម មានចំនួន៦៦ម៉ឺនតោន ថយចុះ៣៧ភាគរយ។ គ្រាប់ស្វាយចន្ទីស្ងួត មានតម្លៃចន្លោះពី ៥៥០០រៀលទៅ ៧២០០រៀល អាស្រ័យតាមគុណភាពគ្រាប់៕ អត្ថបទ ៖ ពិសី