គិតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ ទូទាំងប្រទេសកម្ពុជា បានកើនឡើងដល់ចំនួន ១.២៥១សហគមន៍។ នេះបើតាមការឱ្យដឹងពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបិទសន្និបាតសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហគមន៍កសិកម្មទូទាំងប្រទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងផលិតកម្មកសិកម្ម កសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាគាំទ្រនានាដល់ផលិតកម្មកសិកម្ម ពិសេសការអនុវត្តកសិកម្មតាមកិច្ចសន្យា (Contract Farming) ដើម្បីជំរុញការអភិវឌ្ឍកសិកម្ម។
ជាមួយគ្នានេះដែរ លោក ក៏បានណែនាំដល់ប្រធានមន្ទីរត្រូវពិនិត្យមើលសហគមន៍កសិកម្មដែលមានសកម្មភាពមានប្រយោជន៍ និងប្រសិទ្ធភាព ហើយលុបចោលនូវសហគមន៍កសិកម្មទាំងឡាយណាដែលមិនមានសកម្មភាព។ នៅក្នុងចំណោមសហគមន៍ទៀតសោត លោកក៏បានផ្ដល់អនុសាសន៍ឱ្យទុកចិត្តគ្នា ធ្វើការរួមគ្នា ដោយចៀសវាងដាច់ខាតនូវការបោកប្រាស់កេងបន្លំគ្នាទៅវិញទៅមក។
ដោយលោកបានបន្តថា៖ «សហគមន៍ត្រូវមានផែនការដាំដុះច្បាស់លាស់ ស្របតាមកិច្ចសន្យា និងមានព័ត៌មានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្មនីមួយៗតាំងពីអ្នកផលិតរហូតទីផ្សារ ខណៈលោកថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូលនិធិជួយដល់សហគមន៍ កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស»។
គួរបញ្ជាក់ដែរថា សហគមន៍កសិកម្មចាប់ផ្តើមបង្កើតនៅឆ្នាំ២០០៣ ដោយមានតែមួយសហគមន៍ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ២០២៣នេះ ចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១.២៥១សហគមន៍ ដែលមានសមាជិកសរុប ១៧០.២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧.៣៨០នាក់ មានភាគហ៊ុនសរុបប្រមាណ ១២.៨លានដុល្លារ និងដើមទុនសរុបជាង ២៦លានដុល្លា។
ចំពោះមុខរបរសំខាន់ៗរបស់សហគមន៍កសិកម្មមានដូចជា ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗដូចជាដំណាំស្រូវនិងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម៕ អត្ថបទ៖ ពិសី