លោកស្រី សុមេធ សុមនា កូនស្រីរបស់លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាលាគោលនយោបាយសាធារណៈលីក្វាន់យូរ (Lee Kuan Yew School of Public Policy) នៃប្រទេសសិង្ហបុរី កាលឆ្នាំ២០២២ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្នុងនាមព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជា «អនុរដ្ឋលេខាធិការ» នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
លោកស្រី សុមេធ សុមនា បានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញរដ្ឋបាលសាធារណៈ នៅសាលាដ៏ល្បីរបស់ប្រទេសសិង្ហបុរី គឺសាលាគោលនយោបាយសាធារណៈលីក្វាន់យូរ (Lee Kuan Yew School of Public Policy) រយៈពេល២ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ និងបានទទួលសញ្ញាបត្រនៅឆ្នាំ២០២២។ សម្រាប់ប្រវត្តិការងារ លោកស្រី ធ្លាប់ជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ និងផ្ទេរមកបម្រើការងារនៅក្រសួងពាណិជ្ជកម្ម ចាប់ពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន។ លោកស្រី សុមេធ សុមនា ត្រូវបានគេដឹងថា ជាកូនស្រីរបស់លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃទីស្តីការគណៈរដ្ឋមន្ត្រី៕