ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកសរសើរចំពោះសកម្មភាពបំពេញការងាររបស់ រដ្ឋមន្រ្តីក្រសួងចំនួន៤ ដែលបានបំពេញការងារបានល្អ ច្បាស់លាស់ និងមិនវែងឆ្ងាយជាងគេ ខណៈសម្តេចតេជោ ក៏បានស្នើឱ្យបណ្តារដ្ឋមន្រ្តីក្រសួងមួយចំនួនទៀត ត្រូវពង្រឹងយកចិត្តទុកដាក់ និងសិក្សារៀនលើការងាររបស់ខ្លួនឡើងវិញ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី១៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា មានក្រសួងចំនួន៤ ដែលបានបំពេញការងារបានល្អ និងមិនវែងឆ្ងាយ គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សម្តេចតេជោ បានបញ្ជាក់ថា៖ «ខ្ញុំកត់សម្គាល់ឃើញមានក្រសួងចំនួន៤ ដែលធ្វើលិខិត ឬរបាយការណ៍នានាផ្ញើជូនខ្ញុំមិនសូវមានកំហុស ច្បាស់លាស់ល្អ ហើយមិនវែងឆ្ងាយ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងក្រសួងអធិការកិច្ច ព្រោះពេលគេដាក់មកគេតែងសុំយោបល់ ដាក់ចំនុចទី១មកចេះ ចំនុចទី២ មកចេះ ឧទាហរណ៍ លោកជំទាវ ភឿង សកុណា បើគាត់ដាក់លិខិតមកខ្ញុំគាត់តែងដាក់ជំរើសទី១ មកចេះ ជំរើសទី២ មកចេះ និងជំរើសមួយទៀត តាមការយល់ឃើញរបស់ខ្ញុំ»។
ជាមួយគ្នានេះ សម្តេច ក៏សូមរដ្ឋមន្ត្រីទាំងឡាយពិនិត្យឱ្យច្បាស់លើលិខិតមុនចុះហត្ថលេខា ទាំងអក្ខរាវិរុទ្ធ និងការដាក់ថ្ងៃខែ ខណៈសម្តេចក៏អង្វររដ្ឋមន្ត្រីកុំធ្វើបាបសម្តេចរឿងឯកសារនានា និងអំពាវនាវរដ្ឋមន្ត្រីទាំងនោះឱ្យរៀនធ្វើការឡើងវិញរឿងធ្វើលិខិតទៅសម្តេច។ លើសពីនេះ សម្តេច ក៏ព្រមានទម្លាយលិខិតរដ្ឋមន្ត្រីណា ដែលមានកំហុសឆ្គងតាមបណ្តាញសង្គមផងដែរ។
ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ក៏បានប្រកាសផ្តាំផ្ញើដល់រដ្ឋមន្ត្រី សូមកុំខ្ជិលក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាន់ជិតមកដល់ហើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់មន្ត្រី ដែលដឹងថាខ្លួនឯងមានចំណេះដឹងខ្វះខាត ដើម្បីឆ្លងតបនឹងការបំពេញការងារប្រចាំថ្ងៃ សូមទៅរៀនឡើងវិញនៅសាលាភូមិន្ទរដ្ឋបាល ដោយចាប់ផ្តើមពីកម្រិតដែលខ្លួនឯងខ្វះខាតតែម្តង៕ អត្ថបទ៖ពិសី