ក្រសួងរ៉ែនិងថាមពល បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ADB រៀបចំវេទិកាថាមពល ដើម្បី ផ្សព្វផ្សាយផែនការមេអភិវឌ្ឍន៍វិស័យថាមពល និងគោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជាដែលទើបអនុម័តនាពេលថ្មីៗនេះ ហើយគោលនយោបាយទាំងនេះ ដើម្បីជំរុញអន្តរកម្មថាមពលរបស់កម្ពុជា និងឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។នេះបើយោងតាម ADBឱ្យដឹងនៅថ្ងៃទី១៦មីនានេះ។
ផែនការមេអភិវឌ្ឍន៍វិស័យថាមពល(PDP) ជាផែនការរយៈពេលវែងដំបូងរបស់កម្ពុជាសម្រាប់វិស័យថាមពលរបស់ខ្លួន ដែលរួមមានសេណារីយ៉ូជាច្រើនសម្រាប់ផែនការរយៈពេល ២០ ឆ្នាំ ដែលរួមបញ្ចូលកំណើនតម្រូវការអគ្គិសនី ការពង្រីកប្រភពផលិតថាមពល និងការអភិវឌ្ឍបណ្តាញបញ្ជូននិងចែកចាយ។
គោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជា (NEEP) គឺជាគោលនយោបាយដំបូងរបស់កម្ពុជា ស្តីពីប្រសិទ្ធភាពថាមពល ហើយវាមានក្របខ័ណ្ឌគាំទ្រសម្រាប់ការអភិវឌ្ឍនៃវិស័យនេះនាពេលអនាគត។ NEEP កំណត់គោលដៅជាតិប្រកបដោយមហិច្ឆតាសម្រាប់ការកាត់បន្ថយការប្រើប្រាស់ថាមពលយ៉ាងហោចណាស់ ១៩% ត្រឹមឆ្នាំ ២០២៣ ធៀបនឹងសេណារីយ៉ូដែលគ្មានប្រសិទ្ធភាពថាមពល។ NEEP ក៏កំណត់វិធានការ និងឧបករណ៍ដែលរាជរដ្ឋាភិបាលនឹងផ្តល់អាទិភាព និងអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអនុម័តកាន់តែទូលំទូលាយនៃប្រសិទ្ធភាពថាមពល។
ADB បានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ PDP និង NEEP ទាំងពីរ។ វេទិកាផ្សព្វផ្សាយនេះរៀបចំសម្រាប់ការពិភាក្សាក្នុងចំណោមដៃគូនានា អំពីឱកាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអនុវត្ត បទប្បញ្ញត្តិដែលមានចែងក្នុង NEEP ។
ថ្លែងនៅវេទិកាផ្សព្វផ្សាយអំពីផែនការមេអភិវឌ្ឍន៍វិស័យថាមពលនិង គោលនយោបាយជាតិប្រសិទ្ធភាពថាមពលកម្ពុជា ជាផ្លូវ,លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដែលបាន រំលេចពីសារៈសំខាន់នៃគោលនយោបាយទាំងនេះ ដើម្បីជំរុញអន្តរកម្មថាមពលរបស់កម្ពុជា និងឆ្លើយតប ទៅនឹងការប្តេជ្ញាចិត្តអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក ស៊ុយ សែម មានប្រសាសន៍ថា «កម្ពុជាប្តេជ្ញាបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និង ប្រសិទ្ធភាពថាមពល ដែលនឹងគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ថាមពលប្រកបដោយភាពជឿជាក់ ស្ថិរភាព និងតម្លៃ សមរម្យ»។
លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅរកទម្រង់ថាមពលស្អាតជាងមុន និង បានបញ្ជាក់នូវការគាំទ្ររបស់ ADB ដល់ការផ្លាស់ប្តូរនេះ ទាំងតាមរយៈការគាំទ្រគោលនយោបាយ និងការវិនិយោគជាគម្រោង។ គម្រោង ដែលកំពុងដំណើរការរបស់ ADB គាំទ្រដល់ការពង្រឹងបណ្តាញថាមពលជាតិ ការពង្រីកថាមពលពន្លឺ ព្រះអាទិត្យ PV តាមរយៈភាពជាដៃគូឯកជនសាធារណៈ និង ការបង្កើនល្បឿននៃការទទួលយកបច្ចេក វិទ្យា ដែលកំពុងរីកចម្រើន ដូចជាប្រព័ន្ធផ្ទុកថ្មជាដើម៕អត្ថបទ៖សារេត