លោក សួង ណយ ៖ កម្ពុជាត្រូវការដូងក្រអូបជាង ២លានដើមទៀតសម្រាប់ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក

សង្គម​ និង​សេដ្ឋកិច្ច

លោក សួង ណយ ស្ថាបនិកសហគមន៍ដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិជម្រុញភូមិមួយផលិតមួយ ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍នៅរសៀលថ្ងៃទី១៦ ខែមីនានេះ មានប្រសាសន៍ថា៖ «តម្រូវការដូងក្រអូបក្នុងប្រទសកម្ពុជាគឺមានច្រើនមែនទែន ខណៈពេលដែលទីផ្សារក្រៅប្រទេសក៏បាននឹងកំពុងទាក់ទងមកកម្ពុជាក្នុងការទិញដូងក្រអូបនេះជាហូរហែរ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោកថា បច្ចុប្បន្ននេះ សហគមន៍ដូងក្រអូបកម្ពុជាមានសមាជិកជាង៣០រូប សុទ្ធសឹងតែជាម្ចាស់ចម្ការដូងក្រអូបទាំងអស់ ដែលមានផ្ទៃដីជាច្រើនហិកតាបាននឹងកំពុងដាំដូងក្រអូបសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផងដែរ។

លោកថ្លែងថា «ដាំដូងក្រអូបនេះប្រមាណ៤ម៉ឺនដើម ហើយការបង្កើតជាសហគមន៍នេះ គឺវានឹងធ្វើឱ្យការលក់ដូងមានភាពងាយស្រួលព្រោះថាអ្នកទិញក្នុងស្រុកចង់បានប៉ុន្មានយើងមានគ្រប់សម្រាប់លក់។ ម្យ៉ាង គឺដើម្បីនាំយកផ្លែដូងរបស់ប្រជាកសិករទៅឱ្យដល់ដៃអតិថិជន ដោយមិននិយាយដល់រឿងគ្មានទីផ្សារទៀតនោះទេ។ នៅពេលចូលជាសហគមន៍យើងនឹងផ្ដល់ឱ្យគ្នានៅបច្ចេកទេសដាំដុះ បច្ចេកទេសប្រមូលផល បច្ចេកទេសបណ្ដុះ បច្ចេកទេសកែច្នៃផលិតផលព្រមទាំងប្រមូលផលរួមគ្នាយកទៅទីផ្សារ ដើម្បីលក់»។

លោកបន្តថា រួមគ្នាដាំ រួមគ្នាកែច្នៃផលិតផល ប្រៀបដូចពាក្យចាស់ពោលថា ចង្កឹះមួយបាច់កាច់មិនបាក់ កាលណាយើងរួមគ្នាធ្វើ ហើយធ្វើឱ្យត្រូវតាមតម្រូវការទីផ្សារនោះ យើងប្រាកដជាមិនខ្វះកន្លែងលក់ផលិតផលរបស់យើងនោះទេ។ សម្រាប់សមាជិកទាំងអស់គឺត្រូវធ្វើការតាមផ្នែកនីមួយៗរៀងៗខ្លួន ដោយមានដូចជា ផ្នែកដាំដុះ ផ្នែកកែច្នៃ ផ្នែកទីផ្សារជាដើម។


លោក សួង ណយ លើកឡើងថា «បច្ចុប្បន្នទីផ្សារដូងក្រអូបកម្ពុជាគឺធំណាស់ ដោយខាងសហគមន៍សព្វថ្ងៃនេះ គឺនាំយកដូងមកផ្គត់ផ្គង់មិនគ្រប់ផង។ ខ្មែរយើងដាំពីរលានដើមទៀតក៏មិនទាន់គ្រប់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែរ ។ ដោយសព្វថ្ងៃនេះ យើងមើលឃើញថា មានការនាំចូលដូងខ្ទិះ ដូងផឹកទឹកជាច្រើនប្រមាណជាង ៨០% បាននាំចូលមកពីថៃ វៀតណាម រួមទាំងដូងកំប៉ុងបាននាំចូលមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម ។ នៅក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត កម្ពុជាមិនទាន់ផ្គត់ផ្គង់ដូងក្នុងប្រទេសគ្រប់ផង»។

បើតាមលោក សួង ណយ តម្លៃដូងគឺគិតទៅលើរយៈពេល និងរដូវ ដោយ៦ខែដំបូងមានន័យថាក្នុងរដូវវស្សា ដូងក្រអូមនេះលក់ក្នុងតម្លៃធម្មតា ព្រោះជារដូវដែលសម្បូរដូង និងខែប្រាំងខ្វះដូង ដែលរដូវនេះគឺតម្លៃដូងក្រអូបឡើងពី២០ទៅ៣០ភាគរយនៃតម្លៃដើម។ ប្រសិន ទៅទិញដល់ចម្ការលក់ក្នុងតម្លៃ២០០០រៀល មកដល់ផ្សារតម្លៃ២៥០០រៀល រីឯដូងដែលចិតសំបកស្អាត លក់ក្នុងតម្លៃ ៣០០០រៀល។


ទន្ទឹមនឹងនេះ ស្ថាបនិកមានបទពិសោធន៍ចាស់វស្សាលើផ្នែកដាំដុះដូងរូបនេះ បានបង្ហាញពីសក្ដារនុពលដូងក្រអូបកម្ពុជាយ៉ាងដូច្នេះថា សព្វថ្ងៃនេះ អាជីវករនៅប្រទេសចិន កូរ៉េ ជប៉ុន បណ្ដាប្រទេសនៅអ៊ឺរ៉ុបមួយចំនួន បានទាក់ទងមកទិញដូងក្រអូបនៅកម្ពុជា តែដោយហេតុថា ដូងក្រអូបរបស់សហគមន៍ដូងក្រអូបកម្ពុជា ទុកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកសិន ដោយឡែកអាជីវករនៅចិនក៏បានទាក់ទងមកទិញក្នុងមួយថ្ងៃ៤កុងតឺនើផងដែរ។ ចំពោះមូលហេតុដែលដូងក្រអូបរបស់កម្ពុជាទទួលបានការគាំទ្រច្រើនបែបនេះ ព្រោះថា ដូងប្រភេទនេះមានរសជាតិឆ្ញាញ់ បូកផ្សំនឹងបច្ចេកទេសដាំទៀតសោតរិតតែបន្ថែមរសដល់ដូងមួយផ្នែកទៀត ។

ជាមួយគ្នានេះលោកបានបង្ហាញក្តីរំពឹងថា សហគមន៍ដូងក្រអូបកម្ពុជា រយៈពេល៥ឆ្នាំទៅមុខទៀតនឹងអាចមានលទ្ធភាពផលិតដូងបានគ្រប់គ្រាន់សម្រាប់ចរាចរនៅទីផ្សារក្រៅស្រុក។ កសិករដែលដាំដុះដូងក្នុងសហគមន៍អាចទទួលបានចំណូលប្រមាណ៥០០០ដុល្លារ/ហិកតា។ ប្រសិនបើកសិករចង់ដាំដូងក្រអូបនេះធ្វើជាជីវកម្ម អាចចាយទុកប្រហែល៣០០០ទៅ ៤០០០ដុល្លារក្នុងមួយហិកតា នេះគិតទាំងពូជនិងប្រព័ន្ធស្រោចស្រព។ ដោយឡែកសម្រាប់កសិករដែលមិនទាន់មានប្រឡាយសម្រាប់បូមទឹកស្រោចដំណាំទេ ពួកគេអាចចាយទុនប្រហែល១០០០០ដុល្លារសម្រាប់បើកទំព័រអាជីវកម្ម។
គួរជម្រាបថា សហគមន៍ដូងក្រអូបកម្ពុជា ទទួលបានការគាំទ្រពីខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកទល់ពេលនេះមានទីតាំង២កន្លែង មួយនៅរាជធានីភ្នំពេញជាការិយាល័យកណ្ដាល និងពីរទីតាំងសហគមន៍ នៅខេត្តបន្ទាយមានជ័យ៕ អត្ថបទ៖ សុកធា