ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សម្រេចតែងតាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួងព័ត៌មាន ចំនួន២រូប គឺលោក សុខ ប្រសិទ្ធ និងលោក លី វ៉ាន់ហុង ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយមិនទទួលប្រាក់បំណាច់មុខងារ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។
លោក សុខ ប្រសិទ្ធ បច្ចុប្បន្នកំពុងកាន់តួនាទីជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន-កម្ពុជា ហើយក៏សមាជិក គណៈកម្មាធិការពិសេស តាមដានការអនុវត្ត កម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជននិងអភិវឌ្ឍន៍។
ចំណែកឯ លោក លី វ៉ាន់ហុង ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលនិងហិរញ្ញាវត្ថុ ក្រសួងព័ត៌មាន។
សូមជម្រាបថា បច្ចុប្បន្នក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក ខៀវ កាញារីទ្ធ ដែលបាននឹងកំពុងកាន់តួនាទីជារដ្ឋមន្ត្រីជាច្រើនឆ្នាំមកហើយ ក៏ជាឥស្សរៈជាន់ខ្ពស់មួយរបស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន ខេត្តកំពង់ចាម៕