ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកកំពុងជាប់ឃុំប្រមាណ១ម៉ឺន២ពាន់នាក់ ក្នុងសំណុំសរុបនៅទូទាំងប្រទេសមានជិត ៤ម៉ឺនសំណុំរឿង។ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្លែងឲ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកាសដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា យុទ្ធនាការនៃការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី ខេត្តនេះ ក្នុងគោលដៅការការពារនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនោះជូនប្រជាពលរដ្ឋបានចាប់ផ្ដើមចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងមួយចំនួន ក្នុងនោះមានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់ យុទ្ធនាប្រយុទ្ធប្រឆាំងការកាប់ព្រៃឈើ ហើយយុទ្ធនាការអនុវត្តន៍ភូមិ ឃុំមានសុវត្ថិភាពផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ ជាមួយនឹងភាពជោគជ័យ និងជាមួយ យុទ្ធនាការបទល្មើសទាំងអស់នោះ ពិសេសយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺបានធ្វើឱ្យមានការកើនឡើងនូវសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត។
ឯកឧត្ដមបានថ្លែងថា “យោងតាមរយៈបាយការណ៍ដែលក្រសួងយុត្តិធម៌ទទួលបានពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់ពីឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ ឃើញថាសំណុំរឿងគ្រឿងញៀន មានសរុបជិត៣ម៉ឺនសំណុំរឿង មានអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនប្រហែល៦ម៉ឺននាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ មួយចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ និងអ្នកខ្លះបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតីវិធីតាមច្បាប់។ ចំណែកគ្រឿងញៀនដែលបានរឹបអូសមានចំនួន១,៦៥៩គីឡូក្រាម“។
ឯកឧត្ដមបានបន្ដថា នៅពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងយុទ្ធនាការផ្សេងៗទៀតបានធ្វើសំណុំរឿងនៅតាមសាលាដំបូង រាជធានី ខេត្តមានការកើនឡើង៕