ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ត្រូវបានព្រះមហាក្សត្រ សម្រេចដំឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍។ មួយថ្ងៃបន្ទាប់ពីទទួលការដំឡើងជានាយឧត្តមសេនីយ៍ផ្កាយ៤ ថ្លែងពីលើវេទិកាក្នុងពិធីសម្ពោធសមិទ្ធផលនៅស្រុកកោះអណ្ដែត ខេត្តតាកែវ នៅថ្ងៃទី១៨ ខែមីនានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្វាយនូវអំណរព្រះរាជគុណចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ទ្រង់សព្វព្រះហឫទ័យដំឡើងឋានន្ដរស័ក្ដិដល់រូបលោកជា «នាយឧត្តមសេនីយ៍» នៃក្រសួងការពារជាតិ។
ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសម្ដែងនូវការអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់រូបលោក ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀត ក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះហាក្សត្រ។
ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្នជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក គឺជាបុគ្គលលេចធ្លោជាងគេក្នុងចំណោមក្រុមអ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ ជានាយឧត្តមសេនីយ៍ពាក់ផ្កាយ៤ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point និងបានទទួលសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ចពីសកលវិទ្យាល័យ Bristol នៃប្រទេសអង់គ្លេស។
តាមរយៈចំណេះដឹងនិងបទពិសោធការងារទាំងអស់នេះ វាមិនចម្លែកទេដែល ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវអង្គសន្និបាតនៃគណបក្សប្រជាជន ផ្ដល់សេចក្ដីទុកចិត្ត និងបោះឆ្នោតអនុម័តឱ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ដ្រីបន្តពីសម្តេចតេជោ ហ៊ុន សែន៕