សម្តេច ហ៊ុន សែន៖ ​កម្មវិធីកំណែទម្រង់​ថវិកាជាតិ គឺជាការកំណែទម្រង់ឱ្យរស់ មិនមែនឱ្យស្លាប់នោះឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឥឡូវនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឈានដល់ ដំណាក់កាលទី៤ (២០២៣-២០២៧) ក្នុងគោលដៅដោយផ្ដោតលើគោលដៅផ្ដោតភាព ជឿទុកចិត្តលើថវិកា ខណៈសម្តេចក៏អះអាងថា កម្មវិធីកែទម្រង់ថវិកាជាតិ គឺជាការកំណែទម្រង់ឱ្យរស់ មិនមែនជាការកំណែទម្រង់ឱ្យស្លាប់នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬថវិកាជាតិ គឺជាស្នូលនិងតម្លៃរបស់ជាតិ ដើម្បីធានាបានដល់ការជំរុញនៅកំណើនសេដ្ឋកិច្ចជាតិ។

ជាក់ស្តែង សម្តេចថា កម្មវិធីកែទម្រង់ថវិកាជាតិ ដំណាក់កាលទី១ ត្រូវបានអនុវត្តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ផ្ដោតលើគោលដៅផ្ដោតភាព ជឿទុកចិត្តលើថវិកា និងធានាបាននូវភាពប្រទាក់ប្រឡាគ្នាក្នុងការជួយឱ្យការគ្រប់គ្រង់ថវិកាជាតិកាន់តែមានប្រសិទ្ធភាព ពោលគឺជា ការកំណែទម្រង់ឱ្យរស់ មិនមែនជាការកំណែទម្រង់ឱ្យស្លាប់នោះទេ។

លើសពីនេះ សម្តេចបានលើកឡើងបន្ថែមថា ចំណុចទាក់ទងនឹងការគ្រប់គ្រងសាធារណៈរបស់កម្ពុជា គឺមិនលំបាកដល់ការធ្វើកំណែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ដែលការធ្វើកំណែទម្រង់ទាំងពីរនេះ គឺទាមទារឱ្យសម្ដេចតេជោនាយករដ្ឋមន្រ្ដី ត្រូវយកជីវិតទៅប្ដូរគ្រប់ពេលទាំងអស់។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏លើកឡើងបន្ថែមទៀតថា៖«យើងមិនអាចរងចាំរហូតដល់មានសន្ដិភាពពេញលេញទើបយើងធ្វើការកែទម្រង់នោះទេ ពោលគឺយោងបានដាក់ចេញកញ្ចប់កំណែទម្រង់ជាមួយគ្នាផងដែរ នៅក្នុងនោះគឺទីមួយកំណែទម្រង់ នយោបាយ និងទីពីរកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង ដើម្បីធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចសព្វថ្ងៃនេះ»។

ជារួមមក សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាពចំពោះកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ គឺចាប់ពីឆ្នាំ២០០៤មក  ខណៈសម្តេចនាយករដ្ឋមន្រ្តី ក៏ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវគ្រប់គ្រង់ និងប្រើប្រាស់ថវិកាជាតិឱ្យចប់គោលដៅ និងធានាបាននូវសុក្រឹត្យភាពផងដែរ៕ អត្ថបទ៖ ពិសី