បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាព ទៅលើចំនួនសមាជិក “សមាគមវារីវប្បករកម្ពុជា” ឡើងវិញជាថ្មី នៅក្នុងរយៈពេល ៣ឆ្នាំ គិតត្រឹម ឆ្នាំ ២០២៣នេះ រួចមក ខាងសមាគម បានវាយតម្លៃថា ការចិញ្ចឹមត្រីប្រារបស់សមាជិកបានធ្លាក់ចុះប្រហែល ៦០% នៃចំនួនអ្នកចិញ្ចឹមត្រីសរុប ចំនួនជាង ៦០០គ្រួសារ។
លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា នៅក្នុងក្របខណ្ឌសមាគម ដែលមានសមាជិកចំនួន ៦២៨គ្រួសារ ក្នុងនោះមានប្រមាណ ៧០% ជាអ្នកចិញ្ចឹមត្រីប្រា។ តែបើយោងតាមស្ថិតិ ដែលបានរៀបចំឡើងវិញជាថ្មីនៅរយៈក្នុងរយៈពេល ៣ខែ ក្នុង ឆ្នាំ ២០២៣នេះ រួចមក ឃើញថា បរិមាណនៃការចិញ្ចឹមត្រីប្រា គឺមានការធ្លាក់ចុះប្រហែល ៦០% ដោយសារមូលហេតុចំណីត្រីឡើងថ្លៃ ប៉ុន្តែតម្លៃត្រីប្រា នៅលើទីផ្សារអត់ឡើងថ្លៃ ជាហេតុធ្វើឱ្យកសិករដែលចិញ្ចឹមត្រីខ្នាតធំ កាត់បន្ថយការចិញ្ចឹម។
លោក លើកឡើងបន្ថែមថា៖ “ចាប់តាំងពីមានសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីផ្ទុះឡើងមក ធ្វើឱ្យចំណាយទៅលើការដឹកជញ្ជូនឡើងថ្លៃហើយវត្ថុធាតុដើមឡើងថ្លៃ ហើយចំណីត្រីឡើងថ្លៃពី ២០ ទៅ៣០% ប៉ុន្តែតម្លៃត្រីប្រានៅលើទីផ្សារ គឺថ្លៃនៅដដែល ហើយនៅក្នុងការចិញ្ចឹមត្រីប្រានេះ ត្រូវការចំណាយទៅលើចំណីអស់ប្រហែល ៨០% អុីចឹង ធ្វើឱ្យកសិករមិនអាចទ្រាំទ្របាន គាត់ក៏ផ្អាកចិញ្ចឹមសិនតែចំពោះកសិដ្ឋានមធ្យម និងខ្នាតតូច គឺឈប់ចិញ្ចឹមតែម្តង”។
បើតាមតំណាងសមាគមវារីវប្បករកម្ពុជា តម្រូវការត្រីប្រានៅពេលបច្ចុប្បន្ននេះ ភាគច្រើនគឺមានសម្រាប់អ្នកហូបធម្មតាទេ ដោយសារយើងមិនទាន់អាចយកទៅកែច្នៃបានច្រើននៅឡើយនោះទេ ។ដូចនេះបរិមាណតម្រូវការត្រីប្រានៅឆ្នាំនេះ មានការធ្លាក់ចុះ ជាងពេលមុនៗដោយសារឆ្នាំនេះ សំបូរទៅដោយត្រីស្រែ ឬត្រីបឹង ជាហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតាមតំបន់ ប្តូរមកបរិភោគត្រីស្រែជំនួសត្រីប្រា។
ស្ថិតក្នុងកាលៈទេសៈការចិញ្ចឹមត្រីប្រាធ្វើអាជីវកម្មកំពុងជួបបញ្ហានាពេលសព្វថ្ងៃ ត្រីប្រារបស់កម្ពុជាកន្លងមកក៏ធ្លាប់សាកល្បងនាំចេញទៅទីផ្សារប្រទេសចិនដែរ តែមិនទទួលបានជោគជ័យ ហើយថែមទាំងស្ងប់ស្ងាត់ថែមទៀត។
ពាក់ព័ន្ធនឹងការនាំចេញត្រីប្រានេះ បើតាមលោក ឡែមផូរ វរិទ្ធិ ដដែលបានឱ្យដឹងទៀតថា៖ “ចំពោះដំណើការនាំត្រីប្រាទៅលក់នៅប្រទេសចិននេះ ខាងរដ្ឋបាលជលផល បានធ្វើការចរចា ឬធ្វើបែបបទជាមួយកសិដ្ឋានចិញ្ចឹមត្រីប្រាចំនួន ៣កសិដ្ឋាន ដែលជាសមាជិកសមាគម។ យើងសាកល្បងនាំកន្លងមក ឃើញថាយើងមានសមត្ថភាព ក្នុងការផលិតត្រីប្រាសម្រាប់នាំចេញ ប៉ុន្តែការសាកល្បងនាំចេញ ២តោនកាលពីឆ្នាំកន្លងទៅនេះ ខ្ញុំដឹងថាមិនទាន់មានឧបករណ៍គ្រប់គ្រាន់ ឬត្រូវទៅតាមស្តង់ដារ សម្រាប់នាំចូលទៅប្រទេសចិន អុីចឹង! ត្រីប្រា ដែលសាកល្បងនាំចេញ ២តោន កាលមុន អត់អាចចូលទីផ្សារចិនបាន អុីចឹង! មកដល់ពេលនេះ មិនទាន់មានលទ្ធផលអ្វីទេ។ តែសម្រាប់វ៉ារីវប្បករខ្មែរ មានសមត្ថភាពអាចផលិតត្រីប្រានាំចេញទៅចិនបាន”។
លោកគូសបញ្ជាក់ថា ការចិញ្ចឹមត្រីប្រាដែលមានបរិមាណច្រើន មាននៅខេត្តកំពង់ចាមស្រុកបាធាយ,ខេត្តបាត់ដំបងស្រុកឯកភ្នំ,ខេត្តកំពង់ឆ្នាំង នៅជុំវិញទន្លេសាប និងខេត្តកណ្តាល មាននៅកៀនស្វាយ និងស្អាង។ ដោយឡែក ខេត្តដែលចិញ្ចឹមត្រីប្រាមធ្យម មាននៅខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប ហើយតម្លៃត្រីប្រា លក់នៅ នឹងស្រះថ្លៃចន្លោះពី ៤២០០ ទៅ៤៧០០រៀល ក្នុងមួយគីឡូក្រាម ដោយឡែកឈ្មួញលើកទៅលក់នៅលើទីផ្សារថ្លៃចន្លោះពី ៧០០០ ទៅ៩០០០ រៀល ផ្អែកទៅតាមប្រភេទត្រី។
លោកឡែមផូរ វរិទ្ធិ តំណាងឱ្យក្រុមកសិករចិញ្ចឹមត្រីប្រា ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័នជំនាញពាក់ព័ន្ធទៅលើ ២ ចំណុច ដែលជាក្ដីកង្វល់រួម គឺ៖
(ទី១) ជួយបង្កើតកម្មវិធីឧបត្ថម្ភធន ដល់ក្រុមវ៉ារីវប្បករ ឬបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាប និងមានរយៈពេលវែង ដល់ក្រុមវ៉ារីវប្បករ ដើម្បីបន្តអាជីវកម្មទៅមុខទៀត
(ទី២) សំណូមពរដល់រាជរដ្ឋា និងស្ថាប័នជំនាញពាក់ព័ន្ធ ជួយគ្រប់គ្រងទីផ្សារត្រីឱ្យបានល្អិតល្អន់ កុំឱ្យតម្លៃលក់នៅលើទីផ្សារមានគម្លាតខុសគ្នា ពីកសិដ្ឋានច្រើនពេក និងធ្វើការគ្រប់គ្រង ការនាំចូលត្រីពីប្រទេសជិតខាងឱ្យបានដិតដល់ ដើម្បីឱ្យអ្នកនៅក្នុងស្រុកអាចរស់បានក្នុងវិស័យមួយនេះបន្តទៀត៕ អត្ថបទ៖សារេត