ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេល២០ឆ្នាំក្រោយ ពោលគឺក្នុងឆ្នាំ២០២៣នេះ ចំណូលថវិកាជាតិ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល។
ថ្លែងក្នុងកម្មវិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ កាលព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលប្រមាណ២០ឆ្នាំកន្លងទៅនេះ បានបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ច នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ដោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាបន្តថា៖ ជាការពិត ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬ ថវិកាជាតិ ពោលនៅឆ្នាំ២០០៣ មុនការចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់នេះ ចំណូល ថវិកាជាតិសរុប មានប្រមាណតែ ១ ៨២១ ប៊ីលាន រៀលប៉ុណ្ណោះ រីឯចំណាយថវិកាជាតិមានប្រមាណ ២ ៩៩៤ ប៊ីលានរៀល។
ជាងនេះទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងអះអាងទៀតថា រយៈពេល២០ឆ្នាំក្រោយ ចំណូលថវិកាជាតិ ក្នុងឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា នឹងមានរហូតដល់ ៣២ ៩៣៦ ប៊ីលានរៀល ឯណោះ រីឯចំណាយថវិកាជាតិសរុបមានប្រមាណ ៤១ ៥៣៧ ប៊ីលានរៀល ។
ដោយសម្តេចបញ្ជាក់ទៀតថា៖« សូចនាករសមិទ្ធកម្មដ៏ល្អប្រសើរខាងលើនេះ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យកម្ពុជាទទួលបានកំណើន និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូល មធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងកំពុងបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ ២០៥០»។
យ៉ាងណាមិញនៅក្នុងកម្មវិធីខាងលើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាពស្ថាប័នសាធារណៈ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អឡើង តាមរយៈអាទិភាពចំនួន៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណគឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ដែលសំដៅដល់ការកសាង និងការអភិវឌ្ឍឥតឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្តលើគ្រប់វិស័យ៕
អត្ថបទ៖ ពិសី