ស្របពេលធនាគារកណ្តាលរបស់កម្ពុជា ជំរុញធ្វើការផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់លុយរៀលជាប្រចាំ នៅក្នុងមួយឆ្នាំៗ គេសង្កេតឃើញថា មកដល់បច្ចុប្បន្នប្រជាពលរដ្ឋ ក្នុងស្រុកចាប់ផ្តើមអះអាង ឬផ្តល់តម្លៃទៅលើការប្រើប្រាស់លុយរៀល ថាមានភាពងាយស្រួលជាជាងការចាយវាយប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារ។
បើយោងតាមអាជីវករលក់ដូរនៅផ្សារអូរឬស្សី ក៏ដូចជាអាជីវករលក់ទំនិញតាមអនឡាញបានឱ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់លុយរៀល ស្រួលជាងការចាយលុយដុល្លារអាមេរិក។ ការចាយលុយរៀល មិនខ្លាចលុយក្លែងក្លាយដូចលុយ ដុល្លារអាមេរិក។
អ្នកស្រី អ៊ុក ចិន្តា អាជីវករលក់ដូរនៅផ្សារអូរឬស្សី បានឱ្យដឹងថា នៅក្នុងឱកាសចូលរួមទស្សនាពិធីអបអរសាទរទិវាប្រាក់រៀល ខួបទី៤៣ របស់ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី១៩ មីនា នេះថា៖ « ការប្រើប្រាស់លុយរៀល ចំពោះខ្ញុំ ការចាយលុយរៀលស្រួលជាងលុយដុល្លារអាមេរិក ពិសេសជាងនេះ ចាយលុយរៀលមិនខ្លាចលុយក្លែងក្លាយ ដូចលុយដុល្លារអាមេរិក។ ចំណែកប្រជាពលរដ្ឋផ្សេងទៀត ពួកគាត់ក៏មានការចាយលុយរៀលច្រើនមកដលសព្វថ្ងៃនេះ ព្រោះនៅតាមផ្សារទំនើបនានា មានការបិទតម្លៃនៅលើទំនិញ ជាលុយរៀល»។
អ្នកស្រី គុជ កកែវ អាជីវករលក់ទំនិញតាមអនឡាញ បានឱ្យដឹងថា តាមការសង្កេតកន្លងមក ខ្ញុំឃើញថាការប្រើប្រាស់លុយរៀលមានការកើនឡើង តួយ៉ាងនៅតាមហាងធំៗ ដូចជានៅផ្សារឡាក់គី មានការចាយលុយរៀល។
អ្នកស្រី បន្តថា៖ «សម្រាប់ខ្ញុំ ការប្រើប្រាស់លុយរៀលវាមានភាពងាយស្រួល ជាងលុយដុល្លារអាមេរិក ក្នុងការទិញសម្ភារៈប្រើប្រាស់ និងមិនខាតបង់អត្រាប្តូរប្រាក់ លើសពីនេះ យើងបានចូលរួមលើកកម្ពស់ប្រាក់រៀលរបស់យើងថែមទៀត។ ខ្ញុំចង់ឃើញប្រជាជនយើងងាកមកប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនឬប្រើប្រាស់គ្រប់គ្នា»។
លោក ផលសុភ័ក្រ បានឱ្យដឹងថា លុយរៀលបើយើងទិញអុីវ៉ាន់ ដែលមានតម្លៃទាប គឺមានភាពងាយស្រួល តែមានបញ្ហានៅពេលយើងទិញម៉ូតូ,រថយន្ត ឬសម្ភារៈផ្សេងទៀត ដែលមានតម្លៃថ្លៃ គេទាមទារឱ្យបង់ជាប្រាក់ដុល្លារអាមេរិក តែបើយើងឱ្យគិតជាលុយរៀល គេគិតអត្រាការប្រាក់ខ្ពស់ជាងទីផ្សារទៀត។
លោក បន្តថា៖ «ដូចនេះខ្ញុំចង់សំណូមពរនៅតាមផ្សារតូចធំទាំងអស់ បើសិនជាអាចទំនិញគិតជាលុយរៀល ហើយអត្រាប្តូរប្រាក់មានស្តង់ដារអាចឱ្យពលរដ្ឋទទួលយកបាន ដូចនេះប្រជាពលរដ្ឋគ្រប់គ្នាចង់មិនចង់ គាត់ងាកមកប្រើប្រាស់លុយរៀលវិញ»។
បើតាមលោក ផលសុភ័ក្រ ការចាយលុយដុល្លារអាមេរិកវារងផលប៉ះពាល់ដោយសារអត្រាប្តូរប្រាក់ឡើងចុះៗ សូម្បីតែទិញកាតបញ្ចូលទូរស័ព្ទ បើយកប្រាក់ដុល្លារអាមេរិកទៅទិញវាមិនជាអ្វី តែបើយកលុយរៀលទៅទិញ គេគិតថ្លៃមួយដុល្លារអាមេរិកដល់ ៤២០០ រៀល ឬលើសពីនេះ ផ្នែកទៅតាមកន្លែង។ ដូចនេះ ក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូប បានសំណូមពរឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់លុយរៀល និងសូមស្នើដល់ស្ថាប័នពាក់ព័ន្ធខាងលើ ពិចារណាឱ្យដាក់លុយរៀលលើមុខទំនិញទាំងអស់ ដើម្បីឱ្យពលរដ្ឋ ងាយស្រួលក្នុងការសម្រេចចិត្ត គួរតែចាយលុយដុល្លារអាមេរិក ឬចាយលុយរៀល។
លោកជំទាវ ជា សិរី ទេសារភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖ «ការប្រើប្រាស់ប្រាក់រៀលមានការកើនឡើងជាងពេលមុន តែមិនច្រើននោះទេ។ តែយើងគិតថា អ្វីដែលយើងអាចរក្សាសមាមាត្រលុយដុល្លារអាមេរិក និងប្រាក់រៀល បានរហូតមកដល់បច្ចុប្បន្ននេះ គឺជាជោគជ័យមួយ ព្រោះយើងសង្កេតឃើញថា កាលណាសេដ្ឋកិច្ចកម្ពុជាកាន់តែធំ យើងបារម្ភថាប្រជាជនកម្ពុជាងាកទៅប្រើលុយដុល្លារអាមេរិក ទាំងស្រុង។ ប៉ុន្តែ កន្លងមកនេះ យើងបានរក្សាសមាមាត្រដូចមុន លើសពីនេះ យើងបង្កើនសមាមាត្រប្រាក់រៀល ប្រៀបធៀបទៅនិងប្រាក់ដុល្លារអាមេរិក បានច្រើនជាងមុន ហើយយើង ទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសការចូលរួមចំណែក ពីសាធារណៈជនតែម្តងទៅលើការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា»។
លោកជំទាវ បន្តថា ឧបសគ្គធំបំផុតនៃការប្រើប្រាស់រៀល ខ្ញុំគិតថាផ្នត់គំនិតរបស់ប្រជាជនយើង។ ព្រោះថាបើយើងគិតថា ប្រាក់រៀលវាអស្ថិរភាព បើនៅប្រទេសដទៃ គេប្រើប្រាក់ដុល្លារអាមេរិក មិនមែនជារបស់ជាតិ ដោយសារតែរូបីយវត្ថុជាតិអត់មានស្ថិរភាព ប្រជាជនងាកទៅសន្សំ ឬចាយវាយប្រាក់បរទេស។ ប៉ុន្តែនៅកម្ពុជាយើង បើយើងនិយាយពីស្ថិរភាពអត្រាប្តូរប្រាក់ គឺយើងរក្សាបានល្អ ទោះបីនៅក្នុងជំនាន់កូវីដ១៩ និងមកដល់ពេលចុងក្រោយនេះ យើងសង្កេតឃើញរូបិយប័ណ្ណបរទេសភាគច្រើន បានធ្លាក់ថ្លៃធៀប និងលុយដុល្លារាមេរិក តែចំពោះលុយរៀលរបស់យើងរក្សាបានស្ថិរភាពល្អ៕ អត្ថបទ៖សារេត