រូបភាពដ៏ប្រពៃថ្លៃថ្លាប្រកបដោយអត្ថន័យជ្រាលជ្រៅរវាងព្រះមហាក្សត្រ និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល កីឡាករ កីឡាការនី ព្រមទាំងប្រជានុរាស្ត្រក្នុងព្រះរាជទាន ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃអង្គារទី២១ ខែមីនានេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយផុសផុលលើបណ្ដាញសង្គម។

ទន្ទឹមនឹងនោះមានជនមួយចំនួនតូចដែលគេស្គាល់ថា ជាសមាជិកក្រុមប្រឆាំង ធ្វើសកម្មភាពដើម្បីកេញចំណេញនយោបាយបានយកព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។
ឆ្លើយតបនឹងទិដ្ឋភាពនេះ ក៏ដូចជាឆ្លើយតបទៅកាន់ក្រុមតែងតែបំពុលសង្គម រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ប៉ែន បូណា បានគូសបញ្ជាក់ថា នេះជារូបភាពមួយចំនួនក្នុងកម្មវិធីព្រឹកមិញដែលបញ្ជាក់ថា ពិធីការត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ គឺមិនដូចមនុស្សមួយចំនួនផ្សាយបំភ្លៃការពិតនោះឡើយ។

បើតាមលោក ប៉ែន បូណា មានទិដ្ឋភាពចំនួន២ ទី១៖ ព្រះមហាក្សត្រគង់ជាព្រះរាជ្យអធិបតីនៅខាងមុខគេបង្អស់។ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអង្គុយជួរខាងក្រោយ។ ទី២៖ ក្លស់ត្រូវបានបាំងជូនព្រះមហាក្សត្រ។ ប៉ុន្តែ ដោយសារពេលព្រឹកថ្ងៃទើបរះពីទិសខាងកើត អ្នកបាំងក្លស់ត្រូវរកទីតាំងបាំងពីខាងកើតដើម្បីឲ្យមានម្លប់ទៅលើព្រះអង្គ។ ចំណែកសម្តេចតេជោមិនមានម្លប់នៅលើមុខទេ ដូចរូបថតបានបញ្ជាក់។
លោកបន្តថា នៅក្នុងឃ្លីបវីដេអូ គេថែមទាំងឃើញសម្តេចតេជោទាញដៃអ្នកបាំងក្លស់ឲ្យចូលកៀកព្រះមហាក្សត្រថែមទៀតផងទោះជាសម្តេចនៅកណ្តាលថ្ងៃក៏ដោយ។ ដូច្នេះ សូមអ្នកបំពុលសង្គមទាំងឡាយបញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃការពិតតទៅទៀត៕

