រោងចក្រថ្មីចំនួន៣ តម្លៃជាង១៦លានដុល្លារ នឹងលេចរូបរាងនៅភ្នំពេញ និងខេត្តកណ្តាលនាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានអនុម័តគម្រោងវិនិយោគថ្មីតម្លៃ ១៦.២ លានដុល្លារអាម៉េរិក ដែលអាចផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង៣ ០៥៤កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ ដូចខាងក្រោម៖

រូបភាព៖ អិនធើណេត

១- ក្រុមហ៊ុន “DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែង។

២- ក្រុមហ៊ុន “XIN YUAN CHENG FACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។

៣- ក្រុមហ៊ុន “XU WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី សរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ​ ៣៥០០លានដុល្លារ ដោយរាប់ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២។

ក្នុងនោះដែរ គម្រោងវិនិយោគនៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងចំនួន១៦គម្រោង ខណៈទុន វិនិយោគក៏មានការកើនឡើងប្រមាណ១០១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ផងដែរ។

ដោយឡែក កាលពីឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគ សរុបចំនួន១៦៩គម្រោង ក្រោមទំហំទឹកប្រាក់សរុបចំនួន៤,៣៥៥លានដុល្លារអាមេរិក៕ អត្ថបទ៖ ពិសី