មន្ត្រីជាន់ខ្ពស់៖ ធនាគារដួលរលំនៅសហរដ្ឋអាមេរិកកើតឡើងពីភាពជ្រួលច្របល់របស់ប្រជាពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

ការដួលរលំធនាគារមួយចំនួននៅសហរដ្ឋអាមេរិកមិនមែនកើតឡើងដោយសារតែបញ្ហាធំដុំអ្វីនោះទេ ពោលគឺកើតមានឡើងដោយសារតែភាពជ្រួលច្របល់របស់ប្រជាពលរដ្ឋអាមេរិក សម្រុកនាំគ្នាទៅដកលុយពីធនាគារយ៉ាងគំហុក។ ទោះជាយ៉ាងនេះក្តីសម្រាប់កម្ពុជា នៅតែបន្តការងារតាមដានថា នឹងមានឥទ្ធិពលដល់សេដ្ឋកិច្ចអាមេរិកដោយផ្ទាល់ ឬមានឥទ្ធិពលប្រយោលមកលើកម្ពុជាបែបណា ដើម្បីរៀបចំវិធានការទប់ស្កាត់ឱ្យបានទាន់ពេលេវេលា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា អ្វីដែលបានកើតមានឡើងនៅសហរដ្ឋអាមេរិកនោះ តាមពិតអត់មានបញ្ហាអី្វធំដុំនោះទេ ។បញ្ហាដែលកើតឡើង គឺដោយសារភាពច្រួលច្របល់របស់ ប្រជាជន ឮតាមគ្នា ពីម្នាក់ទៅម្នាក់ធ្វើឱ្យមានការជ្រួលច្របល់នាំគ្នាទៅបើកលុយទាំងគំហុកនៅធនាគារ។

យោងតាមលោកជំទាវ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅពេលដែលប្រជាជនសហរដ្ឋអាមេរិក សម្រុកទៅដកលុយពីធនាគារ ខាងធនាគារមិនអាចទៅទារលុយពីអ្នកខ្ចីមកវិញទាំងអស់ក្នុងស្ថានភាពបន្ទាន់បានទេ ទើបធ្វើឱ្យមានការមកដកលុយពីធនាគារទាំងអស់គ្នា ជាហេតុធ្វើឱ្យធនាគារមានបញ្ហាប្រឈម។

លោកជំទាវ លើកឡើងប្រសាសន៍របស់សម្តេចតេជោថា ប្រជាពលរដ្ឋខ្មែរអត់ត្រូវច្រួលច្របល់ទេ។ ស្ថានភាពនៅកម្ពុជាយើងនៅរក្សាបាន ដោយធនាគារនៅកម្ពុជាយើង មានការត្រួតពិនិត្យតឹងរឹង សូម្បីតែស្ថិតក្នុងបរិបទកូវីដ១៩ យើងនៅទប់ស្កាត់បានមិនឱ្យមានបញ្ហា។

លោកជំទាវ សង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា ប្រជាជនយើងនឹងរក្សាភាពស្ងប់ស្ងាត់ ពិសេសអ្វីដែលកើតនៅលើធនាគារក្នុងប្រទេសសហរដ្ឋអាមេរិក និងទំនាក់ទំនងជាមួយធនាគារនៅស្រុកខ្មែរយើង គឺអត់មានសោះតែម្តង។ ខ្ញុំគិតថា យើងមិនត្រូវភ័យ ឬចលាចលនោះទេ ប៉ុន្តែទោះយ៉ាងណា ក្នុងនាមយើងជាអាជ្ញាធរត្រូវតែបន្តតាមដាន ថាតើ ឥទ្ធិពលនេះវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងដូចម្តេច។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិក មានបញ្ហាធនាគារអាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ តើវាអាចប៉ះពាល់សេដ្ឋកិច្ចកម្ពុជាយ៉ាងដូចម្តេច? បើប៉ះពាល់វាអាចប៉ះពាល់ជាប្រយោលហើយពេលវេលាធ្វើឱ្យប៉ះពាល់មិនមែនភ្លាមៗនោះទេ វាទុកពេលវេលាឱ្យរាជរដ្ឋាភិបាលយើងមានវិធានការចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា»។

យោងតាមលោកជំទាវជាសិរី ដដែលបញ្ជាក់ថា៖ «បច្ចុប្បន្ននៅកម្ពុជាមានធនាគារ សរុបចំនួន៥៩ ហើយធនាគារទាំងនោះ ស្ថិតនៅក្រោមការត្រួតពិនិត្យពីធនាគារជាតិនៃកម្ពុជា ហើយយើងមានបទប្បញ្ញាតិប្រុងប្រយ័ត្នតឹងរឹង ហើយប្រព័ន្ធធនាគារនៅកម្ពុជា គឺមានភាពរឹងមាំល្អណាស់»៕ អត្ថបទ៖សារេត