អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មើលឃើញថាការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត នៅពេលប្រាក់រៀលមានស្ថិរភាពកាន់តែល្អធ្វើឱ្យវិស័យឯកជនក្នុងស្រុក មានទំនុកចិត្តកាន់តែខ្លាំង នៅក្នុងការបកបមុខរបររបស់ខ្លួន ហើយលើសពីនេះ វាជួយរក្សាបានតម្លៃនៃការទូទាត់ជាមួយប្រាក់ដុល្លារអាមេរិកថែមទៀតផង។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ ការប្រើប្រាស់ប្រាក់រៀល មានការរីកចម្រើនល្អប្រសើរ ហើយប្រាក់រៀលមានស្ថិរភាពថ្លៃ៤០០០ ទៅ៤១០០រៀល ក្នុងមួយដុល្លារអាមេរិក ធ្វើឱ្យមានទំនុកចិត្តសម្រាប់អ្នករកស៊ីក្នុងវិស័យឯកជន។ ប្រាក់រៀល មានស្ថិរភាពនេះ វាជាការរក្សាបានតម្លៃនៃការទូទាត់រវាងប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកសម្រាប់អ្នកធ្វើអាជីវកម្មនៅក្នុងស្រុកផងដែរ។
លោកឧកញ៉ា មានប្រសាសន៍បន្ថែមថា៖ «ខ្ញុំឃើញនៅពេលកន្លងមក ធនាគារជាតិនៃកម្ពុជា រៀបចំនូវយុទ្ធនាការមួយ គឺប្រមូលក្រដាសប្រាក់ដុល្លារតូចៗនៅលើទីផ្សារ ហើយនេះ គឺជាចំណុចល្អធ្វើឱ្យការទូទាត់ប្រាក់រៀលមានការកើនឡើង ដោយសារការចំណាយទឹកប្រាក់ក្រោម ១០០ដុល្លារអាមេរិក ត្រូវការលុយរៀលជាចាំបាច់»។
លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ នេះថា ចាប់ពីឆ្នាំ១៩៩៨ មក អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០៣៦ រៀល ក្នុងមួយដុល្លារអាមេរិក ដែលប្រែប្រួលក្នុងរង្វង់ ១% ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ ស្ថិរភាពតម្លៃប្រាក់រៀល បានបង្ហាញពីសុខភាពល្អរបស់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះការគ្រប់គ្រងចរាចរណ៍ប្រាក់រៀល ក៏ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀល នៅតាមតំបន់នានានៅទូទាំងប្រទេស ហើយក្រដាសប្រាក់ចាស់ ទក់ រហែក ត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីគ្រប់ប្រភេទ ជាមួយនឹងការលើកកម្ពស់គុណភាព និងសោភ័ណភាព ក្រដាសប្រាក់រៀល។
លោកជំទាវ បន្តថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងផ្តល់លទ្ធភាពដល់ ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ កាន់តែមានប្រសិទ្ធភាព ជាពិសេសការកំណត់អត្រាការប្រាក់គោល និងការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ដែលអាចមានឥទ្ធិពលទៅលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ និងផលិតកម្ម ក៏ដូចជា ឈានទៅជំរុញឱ្យមានការបង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ប្រាក់រៀល ជារូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា ដូចនេះការចូលរួមប្រើប្រាស់ប្រាក់រៀល ពិតជាបានរួមចំណែកដោយផ្ទាល់ និងប្រយោល ដល់កិច្ចការពារ និងពង្រឹងអធិបតេយ្យសេដ្ឋកិច្ច អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម៕ អត្ថបទ៖សារេត