កូនប្រុសច្បងដ៏មានឥទ្ធិពលសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន នាគមាស

សង្គម​ និង​សេដ្ឋកិច្ច

កូនប្រុសច្បងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីពេលអនាគត នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាសឆ្នាំ២០២៣ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានណែនាំឲ្យកងទ័ពនៃប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តគ្រប់វិញ្ញាសារនៃលំហាត់ យុទ្ធវិធីប្រតិបត្តិការឱ្យបានជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសមយុទ្ធ។

ជាមួយគ្នានេះ ត្រូវពង្រឹងស្មារតីជាក្រុម ដែលជាមូលដ្ឋានគ្រឹះចាំបាច់បំផុតសម្រាប់ជោគជ័យរបស់អង្គភាព និងជោគជ័យន រាល់បេសសកម្មនីមួយៗ។ នាយឧត្តមសេនីយ៍ ថ្លែងថា «ពិតណាស់ ស្មារតីជាក្រុម កើតឡើងដោយសារគុណតម្លៃ និងប្រពណ៌របស់កងទ័ព ដែលរួមមានជាអាទិ៍៖ ភាពស្មោះត្រង់, ភាពក្លាហាន, វិន័យ, ការគោរពគ្នា, សីលធម៌, ភាពបត់បែន និងការអត់ធ្មត់»។

បន្ថែមទៅទៀត នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់អានុសាសន៍ឲ្យកងទ័ពនៃប្រទេសទាំងពីរ ត្រូវលើកកម្ពស់ស្មារតីមិត្តភាព សាមគ្គីភាព តាមរយៈការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក និងការលេងកីឡាជាមួយគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងយោធិនជាលក្ខណៈបុគ្គល ដែលអាចចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ។

សូមជម្រាបថា សមយុទ្ធនាគមាសកម្ពុជា-ចិន លើកទី៥នេះ ធ្វើឡើងពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្រ្គោះមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន»៕