ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ប្រមាណជាង ១០ពាន់លានដុល្លារ នៅឆ្នាំ២០២២

សង្គម​ និង​សេដ្ឋកិច្ច

បើទោះបីជាមានបញ្ហារាតត្បាតកូវីដ១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-វៀតណាម មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលប្រមាណជាង ១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលជួបសម្តែងការគួរសម ជាមួយលោក វ៉ វ៉ាន់ធឿន និងលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្លែងនៅក្នុងជំនួបនោះ ភាគីទាំងពីរ បានកត់សម្គាល់ថា វៀតណាមស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជានៅក្នុងតំបន់ភាគីទាំងពីរ និងបានឯកភាពថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាវិស័យអទិភាពមួយនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។ ជាមួយគ្នានោះ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់រហូតដល់ប្រមាណ ១០,៥៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២ មានការកើនឡើង ១០,៨៨% បើធៀបនឹងឆ្នាំ២០២១។

ជាមួយគ្នានោះ ដើម្បីរក្សានូវសន្ទុះកើនឡើងនេះ ភាគីទាំងពីរបានឯកភាពលើកិច្ចសហប្រតិបត្តិការ និងពន្លឿនការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាមឆ្នាំ២០៣០ នៅក្នុងឆ្នាំនេះ។

លើសពីនោះ ភាគីទាំងពីរបានឯកភាពអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារួច រួមទាំងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាម ព្រមទាំងបន្តធ្វើការសម្រួលដល់ទំនិញឆ្លងកាត់ក្រោមបទបញ្ញត្តិនៃកិច្ចព្រមព្រៀងទ្វេភាគី តំបន់ និងអន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)៕