រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំនេះ GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ មានចំនួន ១.៣០៣,៥ដុល្លារ ស្ថិតនៅលំដាប់លេខ១៩ ក្នុងចំណោម២៤ខេត្ត។ទិន្នន័យនេះត្រូវបានបង្ហាញឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តនេះ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា កណើនសេដ្ឋកិច្ចនៅក្នុងខេត្តព្រៃវែង ក្នុងរយៈ៥ឆ្នាំកន្លងមកនេះ បច្ចុប្បន្នខេត្តមានផលិតផលក្នុងស្រុកសរុប ចំនួន១,៧៣៨លានដុល្លា បើប្រៀប ធៀបទៅនឹង៥ឆ្នាំមុន (មុនឆ្នាំ២០១៨) ផលិតផលក្នុងស្រុកសរុបមានចំនួន១.២៧៨លានដុល្លា មានការកើនឡើង ចំនួន៤៦០លានដុល្លា ស្មើនឹង៣៦%។
ជាងនេះទៀត លោកថា ក្នុងរយៈពេល៥ឆ្នាំនេះ GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ មានចំនួន ១.៣០៣,៥ដុល្លា ស្ថិតនៅលំដាប់លេខ១៩ ក្នុងចំណោម២៤ខេត្ត(មិនរាប់បញ្ចូលរាជធានីភ្នំពេញ) បើប្រៀបធៀប ទៅនឹង៥ឆ្នាំមុន (មុនឆ្នាំ២០១៨) GDP ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.១៣៧,៩ដុល្លា ស្ថិតនៅលំដាប់លេខ២១ ក្នុងចំណោម២៤ខេត្ត។
គួរបញ្ជាក់ដែថា ខេត្តព្រៃវែង គឺមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា ទីរួមខេត្តមានចំងាយ ៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងចម្ងាយ១០០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៨។ ខេត្តមានស្រុកចំនួន១២ និងក្រុងចំនួន១. រួមមានឃុំចំនួន១១២ និងសង្កាត់ចំនួន៤ មានភូមិចំនួន១.១៦៨ និងមានផ្ទៃដីសរុប ៤.៨៨៣គម២ ។ខេត្តមានខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៨៤,២គីឡូម៉ែត្រ។ ប្រជាពលរដ្ឋក្នុងខេត្ត សរុបចំនួន២៩៥,០៧៤គ្រួសារ ស្មើនឹងមនុស្ស ចំនួន១.២៦៣១៨២នាក់ សី៦៥២.៨៧៩នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ចំនួន៨១០.០៩១នាក់, ស្រី៤២៤.៩៦១នាក់៕ អត្ថបទ៖ ពិសី