កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបើកលំហាតសមយុទ្ធរួមគ្នា ដែលឈ្មោះថា នាគមាសឆ្នាំ២០២៣ ក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពកម្ពុជា-ចិន។

លំហាត់សមយុទ្ធរួមគ្នានេះ បានប្រារព្ធពិធីបើកជាផ្លូវការ កាលថ្ងៃទី២៣ ខែមីនានេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និង ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោក នៃតំបន់ភូមិភាគ ខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។

នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ នេះ ពិតជាឆ្លើយ តបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការនៃកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់ ។
តាមរយៈលំហាត់សមយុទ្ធលើកនេះ នាយឧត្ដមសេនីយ៍ បាន រំពឹងថានឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជា ការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ និង ការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទងរាប់អានគ្នារវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលេងកីឡាជាមួយគ្នា។

ជាមួយគ្នានេះ ភាគីកងទ័ពចិន គឺ ឧត្តមសេនីយ៍ទោ ឈិន ម៉ីនធៀន នាយរងសេនាធិការកងទ័ពជើងគោក នៃតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ក៏បានបង្ហាញការរំពឹងដែរថា សមយុទ្ធ នាគមាស២០២៣ នឹងប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យ ។ លោកឧត្តមសេនីយ៍ទោ ចាត់ទុកថាសមយុទ្ធនេះមិនត្រឹមតែចែករំលែកបទពិសោធឲ្យគ្នាទៅវិញទៅមក ប៉ុណ្ណោះទេ សមយុទ្ធនេះ ក៏ ពង្រឹងនិងពង្រីក មិត្តភាពជាប្រពៃណីចិន កម្ពុជាឲ្យកាន់តែរីកធំឡើង ជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២។

គួរបញ្ជាក់ថា សមយុទ្ធ “នាគមាស-ឆ្នាំ២០២៣” នេះ រៀបចំឡើងដោយមាន ពេលវេលារួម នៃលំហាត់សមយុទ្ធមានចំនួន ២០ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ខែ មីនា ដល់ថ្ងៃទី០៨ ខែមេសា កន្លែងស្នាក់នៅ ពិធីបើក ពិធីបិទ និងលំហាត់ទីបញ្ជាការ និងលំហាត់ទីលានស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
កងកម្លាំងចូលរួមក្នុងលំហាត់សមយុទ្ធសរុបមានជាង៣ពាន់នាក់ ក្នុងភាគីចិនមានចំនួនសរុបជាង២០០នាក់ ភាគីកម្ពុជាមានចំនួនសរុបជាង២ពាន់៨រយនាក់ ។

កម្ពុជា និងចិន ធា្លប់បានធ្វើសមយុទ្ធ«នាគមាស» រួមគ្នា ចំនួន៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ,២០១៨, ២០១៩ និងឆ្នាំ២០២០ ។ ការអាក់ខានធ្វើនៅឆ្នាំ២០១៧ ដោយសារកម្ពុជាជាប់យុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ៕ អត្ថបទ៖ សន ពុទ្ធិកា




