បុគ្គលិកមួយចំនួន ពួកគេទ្រាំឱ្យថៅកែប្រើ ទ្រាំឱ្យថៅកែជេរស្តីព្រឹកល្ងាច ពុំមែនដោយសារពួកគេស្រឡាញ់ការងារ ឬស្រឡាញ់ក្រុមហ៊ុនទេ ផ្ទុយទៅវិញគឺដោយសារតែជីវភាព ដោយសារតែពួកគេទីទ័លក្រ និងត្រូវការលុយកាក់តែប៉ុណ្ណោះ។ បុគ្គលិកបែបនេះ បើសិនជាមានឱកាស ពួកគេនឹងលាឈប់ពីការងារមិនខាន។
ដូច្នេះ ក្នុងនាមជាថៅកែ ឬជាម្ចាស់ក្រុមហ៊ុន ពេលខ្លះគួរសិក្សាស្វែងយល់ពីកត្តាចិត្តសាស្រ្តក្នុងការប្រើបុគ្គលិក ធ្វើយ៉ាងណាត្រូវចេះសម្របសម្រួលឱ្យបុគ្គលិកស្រឡាញ់ក្រុមហ៊ុន និងចាត់ទុកក្រុមហ៊ុនជាផ្ទះសម្បែងដ៏កក់ក្តៅរបស់ពួកគេ ជាជាងឱ្យពួកគេស្រឡាញ់លុយរបស់ក្រុមហ៊ុន។
ដើម្បីឱ្យបុគ្គលិកចាត់ទុកក្រុមហ៊ុនជាផ្ទះសម្បែងដ៏កក់ក្ដៅរបស់ពួកគេ មែនទែនទៅក្រៅពីផ្ដល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍សមរម្យជូនពួកគេហើយនោះ ថៅកែឬអ្នកគ្រប់គ្រងក្រុមហ៊ុនគួរតែផ្ដល់តម្លៃ លើកទឹកចិត្ត ផ្ដល់កិត្តិយស និងផ្ដល់ឱកាសឱ្យពួកគេចូលរួមបញ្ចេញមតិយោបល់។ មិនតែប៉ុណ្ណោះ ប្រសិនបើពួកគេមានបញ្ហា ឬកើតទុក្ខមិនសុខចិត្តរឿងអ្វីមួយ ថៅកែឬអ្នកគ្រប់គ្រងក្រុមហ៊ុនត្រូវប្រញាប់ដោះស្រាយជូនពួកគាត់ឱ្យបានលឿនបំផុត កុំបណ្ដោយទុកឱ្យបញ្ហាពួកគេអូសបន្លាយវែងឆ្ងាយ រហូតក្លាយជាជំងឺផ្លូវចិត្តរ៉ាំរ៉ៃឱ្យសោះ។ ប្រសិនបើបុគ្គលិកមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃ ថៅកែមិនដោះស្រាយជូនពួកគេឱ្យបានលឿនទេ ភាគីដែលខាតធ្ងន់ធ្ងរនោះ គឺថៅកែ។ ហេតុអ្វី? ព្រោះបុគ្គលិកគ្មានអារម្មណ៍ធ្វើការ ឬធ្វើការមិនបានលទ្ធផលល្អប្រសើរជូនក្រុមហ៊ុន ដ្បិតអីគំនិតពួកគេស្មុគស្មាញ៕
ប្រភព៖ MJQUPTeam