ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK ខុនដូរ និងលោកជំទាវ បានឧបត្ថម្ភអង្ករ ចំនួន ៥០តោន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ដែលបានចូលរួមឧបត្ថម្ភជាអង្ករចំនួន៥០តោនដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីយកទៅប្រើសម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
ឧកញ៉ា ថោង សារ៉ាត់ នាយកប្រតិបត្តិក្រុមហ៊ុន UK ខុនដូ ថ្លែងឲ្យដឹងថា “ទោះជាតិចក្តីច្រើនក្តី លោកឧកញ៉ានិងក្រុមគ្រួសារនឹងខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងជួបបញ្ហានានាក្នុងរាជធានីភ្នំពេញ”។
សូមបញ្ជាក់ដែរថា៖ រាជធានីភ្នំពេញ នៅខណ្ឌពោធិ៍សែនជ័យ មានសង្កាត់ចំនួន៧ ក្នុងនោះមានសង្កាត់ចំនួន៦ ដែលទទួលរងគ្រោះដោយទឹកជំនន់ ដែលមានផ្ទះចំនួន ៤.០៥២ខ្នង រងផលប៉ះពាល់ និងមានប្រជាពលរដ្ឋរងគ្រោះសរុប ១.៣៨២គ្រួសារ មេីនឹង ១៨.៤២២នាក់៕