បុណ្យអុំទូក ៣ថ្ងៃ មានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស, ខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ

Uncategorized កម្សាន្ត សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងទេសចរណ៏ ថោង ខុន បានបញ្ជាក់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា រយៈពេល៣ថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន៤១៨,០៨៩នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន៤១៨,០៩៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន ៥,៩៩៣នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថា គោលដៅទេសចរណ៍សំខាន់ៗ មួយចំនួនមាន៖

* ខេត្តសៀមរាប៖ ១១១,១១១នាក់
* ខេត្តកំពត៖ ៤៩,៤៦០នាក់
* ខេត្តព្រះសីហនុ៖ ៣៨,៦៣៧នាក់
* ខេត្តកណ្តាល៖ ២៩,៥៤០នាក់
* ខេត្តកែប៖ ២៣,១២៨នាក់
* ខេត្តកំពង់ស្ពឺ៖ ២០,៧៧៥នាក់
* ខេត្តមណ្ឌលគិរី៖ ១៧,២២៩នាក់
* ខេត្តកោះកុង៖ ១៥,៨៨៧នាក់។

ដោយឡែកក្រៅពីចំនួនជាង៤១ ម៉ឺននាក់ តាមការវាយតម្លៃរបស់អាជ្ញាធររាជធានីភ្នំពេញ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០ ម៉ឺននាក់ផ្សេងទៀត ដែលបានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ នារយៈពេល២ថ្ងៃកន្លងមក នៃព្រះរាជពិធីបុណ្យអុំទូក។

ខេត្តសៀមរាប នៅតែជាគោលដៅពេញនិយម ដោយបានទាក់ទាញភ្ញៀវទេសចរបាន ១១១,១១១នាក់ ដែលភាគច្រើន បានទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា ក្នុងខេត្តដូចជា តំបន់ប្រាសាទអង្គរវត្ត ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាជាដើម។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចេញសារាចរណែនាំមួយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ពង្រឹងការអនុវត្តតាមប្រសាសន៍ក្រើនរំលឹក របស់សម្តេចតេជោ ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដោយត្រូវសហការយ៉ាងជិតស្និតជាមួយ គណៈបញ្ជាការឯកភាពរាជធានីខេត្ត៕