«យុទ្ធនាការភ្នំពេញស្អាត» ដែលជាគម្រោងស្អាត បានប្រកាសត្រឡប់មកវិញហើយ ជាមួយនឹងពាក្យស្លោកគន្លឹះ «ស្អាតជាទម្លាប់ថ្មី» នៅថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ជាសហស្ថាបនិកនៃគម្រោងស្អាត។

យុទ្ធនាការនេះ ក្នុងបុព្វហេតុលើកកម្ពស់ការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ អំពីបច្ចុប្បន្នភាពនៃ «ពាក្យស្អាត» ក្នុងបរិបទកូវីដ១៩ សម្រាប់ដំណើរការប្រព្រឹត្តទៅ នៃយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០នេះ។

ទំព័រហ្វេសបុក ភ្នំពេញស្អាត Phnom Penh Saat បានឲ្យដឹងថា ដើម្បីជាការចូលរួមចំណែកជាមួយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល, យុទ្ធនាការភ្នំពេញស្អាតក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាត ជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តឱ្យមនុស្សសម័យថ្មីប្រតិបត្តិនូវគោលការណ៍អនាម័យស្អាត និងវិធានការសុវត្ថិភាពស្ដីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។

បន្ថែមពីលើនេះ «ភាពស្អាត ដែលជាទម្លាប់ថ្មីនេះ» បានផ្សារភ្ជាប់ខ្លួនយ៉ាងពិតប្រាកដជាមួយនឹង «ការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ» ដែលជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាតចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។
ក្នុងនោះដោយឈរលើស្មារតីច្នៃប្រឌិត គំនិតជឿនលឿន ក៏ដូចជានវានុវត្តន៍ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីឈានទៅរក «អនាម័យស្អាត» «មេត្រីភាពបរិស្ថាន» ក៏ដូចជាការទុកដាក់ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ដោយមានភាពម្ចាស់ការលើខ្លួនឯង ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូ។

សូមបញ្ជាក់ថា «យុទ្ធនាការភ្នំពេញស្អាត» ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកចំនួន៦រូប ក្នុងនោះមាន ឯកឧត្តម ហ៊ុន ម៉ានី លោកស្រី ទេព កូលាប លោក ជី សិលា លោកស្រី ជា សុផល្លា លោក ហៃ ភិរម្យ និងលោកស្រី ហេង ធីតា ដែលបានផ្តួចផ្តើមគំនិតនៅក្នុងការបង្កើតគម្រោងនេះឡើង។








