ក្រុមហ៊ុនផលិតឱសថ Pfizer របស់អាល្លឺម៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ផ្អែកលើលទ្ធផល នៃការធ្វើតេស្តវ៉ាក់សាំង COVID-19 បានបង្ហាញថា វ៉ាក់សាំងដំបូងរបស់ខ្លួន អាចការពារមនុស្សកុំឲ្យឆ្លងជំងឺរាតត្បាតសកល COVID-19 បានរហូតដល់ជាង ៩០%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។
BBC បានឲ្យដឹងថាវ៉ាក់សាំងរបស់ក្រុមហ៊ុនផលិតឱសថPfizer ត្រូវបានធ្វើតេស្តលើមនុស្សចំនួន៤៣,៥០០នាក់នៅក្នុងប្រទេសចំនួន០៦ផ្សេងៗគ្នាដោយលទ្ធផលបានបង្ហាញថាមិនមានអ្វីជាការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់វាឡើយ។ហើយក្រុមហ៊ុនគ្រោងនឹងដាក់ពាក្យសុំការយល់ព្រមជាបន្ទាន់ដើម្បីប្រើប្រាស់វ៉ាក់សាំងនេះនៅចុងខែនេះតែម្តង។
ក្រុមហ៊ុនPfizer ជឿជាក់ថាខ្លួននឹងអាចផ្គត់ផ្គង់ដល់៥០លានដូសនៅដំណាច់ឆ្នាំនេះនិងប្រហែល១.៣ប៊ីលានដូសនៅចុងឆ្នាំ២០២១។ទោះយ៉ាងណាមានបញ្ហាប្រឈមមួយចំនួនខាងផ្នែកដឹកជញ្ជូនត្បិតថាវ៉ាក់សាំងCOVID-19 នេះត្រូវតែរក្សាទុកក្នុងកន្លែងត្រជាក់ខ្លាំងរហូតទៅដល់ក្រោម-៨០អង្សាសេឯណោះ។