ទំព័រហ្វេសបុកឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ដោយបានឃើញនូវរូបភាពរបស់ខ្ញុំ និងថ្នាក់ដឹកនាំមួយចំនួនទៀត ត្រូវបានបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម និងដោយបានផ្សាភ្ជាប់ខ្ញុំទៅនឹងឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានក្រសួងសុខាភិបាលប្រកាសថា បានឆ្លងជំងឺកូវីដ-១៩ ខ្ញុំសូមជម្រាបជូនដល់សាធារណៈជនទាំងអស់ថា រូបភាពទាំងនោះ គឺជារូបភាពចាស់ កាលពីឆ្នាំ២០១៩ កាលដែលយើងទាំងអស់គ្នាបានទៅចូលរួមបុណ្យឯករាជ្យជាតិ។ នៅពេលនេះ ស្ថានភាពសុខភាពរបស់ខ្ញុំមានភាពប្រក្រតី ហើយក្នុងរយៈកាលក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះ ខ្ញុំមិនបានជួបប្រាស្រ័យទាក់ទងជាមួយឯកឧត្តម សួស យ៉ារ៉ា ឬអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះទេ។
ឯកឧត្តម បានបន្តថា ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមអំពាវនាវឲ្យជនរួមជាតិ បន្តរក្សាភាពស្ងប់ស្ងាត់រួមគ្នាការពារខ្លួន និងក្រុមគ្រួសារនិងសូមជូនពរឲ្យជនរួមជាតិទាំងអស់មានសុខភាពល្អ។
ទាំងអស់គ្នារួមគ្នាយើង នឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានរកឃើញតេស្តវិជ្ជមានកូវីដ១៩ ចំនួន៣ករណីបន្ថែម ដោយគិតត្រឹមម៉ោង៥.០០នាទីល្ងាចនេះ។